អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid កីឡាករ ​Mariano Diaz ពេល​នេះ​កំពុង​លេង​នៅ​ក្លឹប​ Lyon ក្នុង​ក្របខ័ណ្ឌ League 1 បាន​និយាយ​ពី​ការ​ចាកចេញ​ពី​ Real Madrid តាម​កាសែត​ Fiebre Maldini។

ពេល​នេះ​ Mariano កំពុង​តែ​សប្បាយ​ចិត្ត​ជា​ការ​ប្រកួត​ប្រជែង​ថ្មី​ នៅ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​ បន្ទាប់​ពី​ផ្ទេរ​ទៅ​លេង​នៅ​ Lyon កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន។ ការ​បង្ហាញ​ទម្រង់​លេង​ល្អ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ​បាន​ធ្វើ​ឲ្យ​រូប​គេ​រក​គ្រាប់​បាល់​បាន​១៣​គ្រាប់​ក្នុង​ចំណោម​២២​​ប្រកួត។ ពេល​នេះ​រូប​គេ​ក្លាយ​ជា​កីឡាករ​មាន​ទេពកោសល្យ​ភ្លឺស្វាង​មួយ​រូប​នៅ​ League 1 ប៉ុន្តែ​យ៉ាង​ណា​កីឡាករ​មាន​ដើម​កំណើត​នៅ​សាធារណរដ្ឋ​ដូមីនីការ មិន​ដែល​បាន​គិត​ពី​ត្រឡប់​ទៅ​លេង​នៅ ​Real Madrid វិញ​នោះ​ទេ។

ពេល​នេះ​!ខ្ញុំ​មិន​ដែល​បាន​គិត​អំពី​វា​នោះ​ទេ។ ខ្ញុំ​កំពុង​នៅ​ទី​នេះ​គឺ​ Lyon កំពុង​នៅ​ជាមួយ​ក្រុម​មួយ​ ដែល​ត្រូវ​ការ​ខ្ញុំ​ចាប់​តាំង​ពីរ​ដើម​រដូវ​កាល​ ហើយ​ខ្ញុំ​ក៏​រីករាយ​នៅ​ទី​នេះ​ដែរ” កីឡាករ​វ័យ​២៤​ឆ្នាំ​ពន្យល់​ដូច្នេះ។

“ វា​គឺ​ជា​រឿង​មួយ​ដែល​យើង​សម្រេច​ចិត្ត​រវាង​​ខ្លួន​ឯង​និង​ក្លឹប​ហើយ​នេះ​គឺ​ជា​ជម្រើស​ល្អ​របស់​ខ្ញុំ ​ដែល​ចាក​ចេញ​ហើយ​ទទួល​បាន​ការ​ចូល​លេង​ទៀងទាត់​នៅ​កន្លែង​ផ្សេង ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បិទទ្វារ​រហូត​នោះ​ទេ​បើ​ Real Madrid ត្រូវ​ការ​ខ្ញុំ”។

“ ពេល​នេះ​ ក្ដី​សុបិន​របស់​ខ្ញុំ​គឺ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​បាន​លេង​ក្នុង​World Cup នោះ​គឺ​ពិត​ជា​អស្ចារ្យ​ វា​អាច​ជា​មោទនភាព​មួយ​ ជា​ក្ដី​សុបិន​មួយ​”៕