កាលពីម្សិលមិញ Manchester United បានប្រកាសទិញបានខ្សែការពារស្លាបវ័យ១៩ ឆ្នាំ Diogo Dalot ពីក្លឹប Porto ជាផ្លូវការ ខណៈតម្លៃនៃការផ្ទេរមិនទាន់ត្រូវបានទម្លាយនៅឡើយទេ។
អ្នកចាត់ការ Jose Mourinho ជឿថាសមាជិកក្រុមជម្រើសជាតិU21ព័រទុយហ្គាល់រូបនេះអាចផ្ដល់ការប្រកួតប្រជែងដល់ប្រធានក្រុម Antonio Valencia។
ក្នុងបទសម្ភាសន៍ជាមួយក្លឹបបិសាចក្រហម ខ្សែការពារស្លាបដែលអាចលេងទាំងខាងស្ដាំនិងឆ្វេងរូបនេះ បានបង្ហាញពីអារម្មណ៍រំភើប និងរីករាយរបស់ខ្លួនដែលបានចូលរួមជាមួយក្លឹប និងលេងក្នុង Premier League។ កីឡាករបាននិយាយថា “នឹងខំប្រឹងគ្រប់យ៉ាង” ដើម្បីជួយក្លឹបឲ្យបានឈ្នះប្រកួត។
ខ្សែការពារស្លាប Diogo Dalot ទើបបានបង្ហាញខ្លួនក្នុងឈុតធំ Porto កាលពីខែកុម្ភៈឆ្នាំនេះប៉ុណ្ណោះ និងលេងបាន ៨ ប្រកួតឲ្យក្លឹបព័រទុយហ្គាល់។ យ៉ាងនេះក្ដី កីឡាករត្រូវបានរាយការណ៍ថាបានបង្ហាញទម្រង់លេងល្អកាលពីលេងនៅឈុតយុវជនឲ្យក្រុមជម្រើសជាតិ និងក្លឹប Porto។ កីឡាករបានជួយព័រទុយហ្គាល់ឲ្យឈ្នះ UEFA European Under-17 Championship កាលពីឆ្នាំ ២០១៦។