ខ្សែ​ស្លាប Leroy Sane មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ទាំង ២៣ របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ដែល​នឹង​ត្រូវ​ទៅ​លេង World Cup នៅ​រុស្ស៊ី​នា​ពេល​ខាង​មុខនេះឡើយ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​នេះ លោក Low បាន​ហៅ​ការ​សម្រេច​ចិត្ត​ដែល​កាត់​ឈ្មោះ Sane ចោល​គឺ​ជា “ការ​សម្រេច​ចិត្ត​ដ៏​សែន​ប្រកៀកប្រកិត”។ លោក​បាន​បញ្ជាក់​ថា កន្លង​មក លោក​បាន​ពិចារណា​ថា​តើ​គួរ​ជា​កីឡាករ​ Manchester City រូប​នេះ ឬ​ខ្សែ​ស្លាបJulian Brandt របស់ Bayer Leverkusenដែល​គួរ​តែ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ទាំង ២៣។ ចុង​បញ្ចប់​ លោក​បាន​ជ្រើស​យក​កីឡាករ Brandt។

យ៉ាង​នេះ​ក្ដី លោក Low មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា ម៉េច​បាន​លោក​ជ្រើស​រើស Brandt ជា​ជាង Sane ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Metro ខ្សែ​ស្លាប Brandt មាន​របៀប​លេង​ការពារ​ជាង Sane។ ម្យ៉ាង​ទៀត អាល្លឺម៉ង់​សំបូរ​កីឡាករ​ប្រយុទ្ធ​រួច​ទៅ​ហើយ (Julian Draxler, Marco Reus និង Thomas Muller)។

កីឡាករ​ ៣ រូប​ទៀត​ដែល​មាន​វាសនា​ដូច​ Sane ដែរ​ រួម​មាន កីឡាករ Bernd Leno, Jonathan របស់ Bayer Leverkusen និង ខ្សែ​ប្រយុទ្ធ Freiburg កីឡាករ Nils Petersen។

ទោះ​ជា​យ៉ាង​ណា Sane អាច​តែ​នៅ​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ World Cup ខាង​មុខ ក្នុង​ករណី​បើ​មាន​កីឡាករ​ប្រយុទ្ធ​មួយរូបរបួស​នៅ​ ២៤ ម៉ោង មុន​ប្រកួត​ទី ១ ពេល​ប៉ះ​ម៉ិកស៊ិក​នៅ​ថ្ងៃ​ទី ១៧ មិថុនា​ខាង​មុខ៕