ប៉ុន្មានឆ្នាំមុន Ryan Giggs បានផ្ដល់ឲ្យយោបល់ឲ្យ Man Utd ទិញ Gabriel Jesus និង Kylian Mbappe ប៉ុន្តែ ខាងក្លឹបដែលដឹកនាំដោយ លោក Luis van Gaal មិនចាប់អារម្មណ៍។
ត្រឹមវ័យ១៩ឆ្នាំ Mbappe ចេញពី Manaco ទៅលេងនៅ PSG ក្នុងលក្ខខណ្ឌខ្ចីជើង ហើយមានជម្រើសទិញដាច់តម្លៃ ១៦៦លានផោនក្នុងរដូវក្ដៅនេះ ហើយបច្ចុប្បន្នរូបគេក្លាយជាកីឡាករវ័យក្មេងល្អម្នាក់ក្នុងពិភពលោក។ ចំណែក Jesus រកបាន១៥គ្រាប់ក្នុង Premier League ក្រោយចាកចេញពីក្លឹបប្រេស៊ីល Palmeiras កាលពីខែមករាឆ្នាំមុន ហើយពេលនេះកីឡាករជម្រើសជាតិប្រេស៊ីលទើបមានវ័យ២០ឆ្នាំ។
អតីតខ្សែប្រយុទ្ធស្លាបរបស់ Manchester United, Ryan Giggs បានចំណាយពេល២ឆ្នាំ ធ្វើជាគ្រូជំនួយក្រោមការដឹកនាំរបស់លោក Van Gaal ហើយកាលនោះលោកមានទំនាស់ជាមួយនឹងនយោបាយទិញដូរកីឡាកររបស់ក្លឹប។ Giggs បាននិយាយថា៖
” ខ្ញុំបានមើល Gabriel Jesus លេងតាំងពី៣ឆ្នាំមុន ហើយខ្ញុំបានមើល Mbappe លេងកាលពីមួយឆ្នាំមុន។ ខ្ញុំបានមើលពួកគេលេងជាមួយនឹងអ្នកជំនាញមើលជើងកីឡាករ ប៉ុន្តែពួកគេហាក់គ្មានខួរក្បាលគិតបន្តិចសោះ”។
“ ខ្ញុំបានគិតថា បើយកពួកគេមកចំណាយត្រឹម៥លានផោនឬច្រើនជាងនេះបន្តិច នឹងបានយកមកលេងហើយ។ បើពិបាកពេក ទិញយកតែឲ្យលេងខ្ចីជើងទៅក៏បានដែរ។ បើគិតតាមខ្ញុំ ការរើសកីឡាករពិតជាល្អជាងនេះ”។
កាលនោះបិសាចក្រហមចំណាយលុយច្រើនណាស់ទិញយក Angel Di Maria, Menphis Depay, Radamel Falcao, Morgan Schneiderlin និងAnthony Martial ហើយមកដល់បច្ចុប្បន្ននៅសល់តែម្នាក់ប៉ុណ្ណោះ ដែលលេងនៅ Old Trafford។
“ វាពិតជាពិបាកណាស់ពេលនោះ ដោយVan Gaal គិតសម្រេចគ្រប់យ៉ាងតែម្នាក់ឯង ហើយអ្នកត្រូវតែគោរពការសម្រេចចិត្តនោះ។ បាទ! ពិតណាស់យើងពិតជាមានទំនាស់ជាមួយក្លឹប២ដង”៕