Danny Drinkwater បាន​ពិចារណា​អនាគត​​របស់​គាត់​ជាមួយ Chelsea រួច​ទៅ​ហើយ​ក្រោយ​សម្រេច​ចិត្ត​ខុស​មក​លេង​នៅ​កីឡដ្ឋាន​ Stamford Bridge ហើយ​ទទួល​បាន​ខក​ចិត្ត​ខ្លាំង។

ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​បាន​មក​ចូល​រួម​ជាមួយ ​Chelsea ក្នុង​តម្លៃ​៣៥​លាន​ផោន​កាល​ពី​ដើម​រដូវ​កាល​នេះ​ ប៉ុន្តែ​ហាក់​គ្មាន​ឱកាស​បាន​លេង​សោះ​ឡើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក  Antonio Conte ។

ខណៈ​ដែល​ Conte ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ​ថា​អាច​នឹង​ចាក​ចេញ​ពី ​Chelsea នោះ​, Drinkwater នឹង​រង​ចាំ​ដល់​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ចេញ​ផុត​ហើយ​ក្លឹប​រក​បាន​គ្រូ​បង្វឹក​ថ្មី​មុន​ពេល​សម្រេច​ចិត្ត​ថា ​នៅ​ឬ​ក៏​ចាក​ចេញ​ពិត​ប្រាកដ។

បើ​តាម​ដឹង​អតីត​ក្លឹប​របស់​ខ្លួន​គឺ​ Leicester City អាច​នាំ​យក​ខ្សែ​បម្រើ​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ​ផង​ដែរ​ ខណៈ​ក្លឹប​លំដាប់​មធ្យម​ដូច​ជា Everton, Watford…ក៏​សម្លឹង​ឃើញ​សមត្ថភាព​របស់​កីឡាករ​រូប​នេះ​ដែរ៕