តាម​ប្រភព​កាសែត​អ៊ីតាលី​ Gazzetta dello Sport, អតីត​ខ្សែ​បម្រើ​ Andrea Pirlo អាច​នឹង​ត្រូវ​បាន​ផ្ដល់​ដំណែង​ជា​គ្រូ​បង្វឹក​លើ​ដំបូង​ក្នុង​អាជីព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ប្រសិន​បើ​ ​Carlo Ancelotti ឬ​ក៏​ Antonio Conte បដិសេធ​ដំណែង​នេះ។

មន្ទិល​សង្ស័យ​ក្នុង​បណ្ដាញ​សារព័ត៌មាន​ចុង​ក្រោយ​នេះ ​គឺ​មិន​ដឹង​ថា​នរណា​សាក​សម​កាន់​ដំណែង​គ្រូ​បង្វឹក ​ខណៈ​លោក​ Lui Di Biagio បច្ចុប្បន្ន​គ្រាន់​តែ​ជា​គ្រូ​ជំនួយ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ខណៈ​ដែល​គ្រូ​បង្វឹក​២​រូប​លោក​ Ancelotti និង ​Conte ជា​បេក្ខជន​មាន​ភាគរយ​ខ្ពស់។

តែ​យ៉ាង​ណា​! គ្រូ​បង្វឹក​ទាំង​ពីរ​នាក់​នេះ ​ហាក់​មិន​បង្ហាញ​ចិត្ត​ចង់​ដឹកនាំ​សោះ​​ ហើយ​ពួក​គាត់​ចង់​ដឹកនាំ​ក្លឹប​ ជាង​ជម្រើស​ជាតិ។ របាយការណ៍​មក​អ៊ីតាលី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សន្និដ្ឋាន​ថា​​ ដំណែង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ដ៏​ធំ​នេះ​គួរ​តែ​ផ្ដល់​ឲ្យ​វីរបុរស​ជម្រើស​ជាតិ​អ៊ីតាលី​លោក​​ Andrea Pirlo ជា​គ្រូ​បង្វឹក ​ក្រោយ​អតីត​កីឡាករ​រូប​នេះ​មាន​បទ​ពិសោធន៍​លេង​ឲ្យ​ជម្រើស​ជាតិ​១១៦​ប្រកួត។

អតីត​កីឡាករ​វ័យ​៣៨​ឆ្នាំ​រូប​នេះ​កំពុង​នៅ​ទំនេរ​មិន​ទាន់​មាន​ការងារ​ធ្វើ​នៅ​ឡើយ​ទេ ​ក្រោយ​ពេល​ព្យួរ​ស្បែក​ជើង​បាល់​ទាត់​កាល​ពី​រដូវ​កាល​មុន។ ការ​ឡើង​កាន់​ដំណែង​គ្រូ​បង្វឹក​អាច​សករាជ​មួយ​ថ្មី​របស់​អ៊ីតាលី​ ព្រោះ​អតីត​កីឡាករ​រូប​នេះ​ប្រជាជន​អ៊ីតាលី​ស្រឡាញ់​បំផុត៕