សារមន្ទីររបស់ក្លឹបអធិរាជស Real Madrid កំពុងតែជួបបញ្ហាខ្វះកន្លែងដាក់តាំងពាន UEFA Champions League ទី១៣របស់ខ្លួនដែលទើបនឹងឈ្នះកាលពីពេលថ្មីៗនេះនៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន។
នៅពេលដែល Real Madrid ឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបលើកទី១០របស់ខ្លួនកាលពីឆ្នាំ២០១៤ សារមន្ទីរក្លឹបបានសម្រេចបង្កើនកន្លែងចំនួនពីរទៀត ដើម្បីសម្រាប់ដាក់តាំងពានកំពូលអឺរ៉ុបមួយនេះ។ យ៉ាងនេះក្ដី ការឈ្នះពានខាងលើនេះនារដូវកាល ២០១៥/១៦ និង ២០១៦/១៧ មានន័យថាកន្លែងនៅសល់ទាំងនោះគឺពេញហើយ ជាហេតុធ្វើឲ្យសារមន្ទីររបស់ក្លឹបកំពុងជួបបញ្ហាខ្វះកន្លែងដាក់ពានទី១៣ដែលទើបឈ្នះ។
បើតាមការចុះផ្សាយរបស់ Marca អ្នកគាំទ្ររបស់ក្រុមជើងឯក UCL ១៣សម័យ ត្រូវរង់ចាំដល់ទៅ ១ សប្ដាហ៍ទៀត ដើម្បីទស្សនាលោកប្រធានក្លឹប Florentino Perez ធ្វើពិធីដាក់តាំងពានថ្មី ដូចសព្វដង។ បើតាមការរាយការណ៍របស់សារព័ត៌មាន Bleacher Report ក្លឹប Real Madrid កំពុងរៀបចំកន្លែងសម្រាប់ដាក់តាំងពាន Champions League ទី១៣។
គួររំលឹកថា Real Madrid បានយកឈ្នះ Liverpool ក្នុងលទ្ធផល ៣-១ ក្នុងព្រឹត្តិការណ៍ UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឲ្យពួកគេជាក្រុមដែលលើកពានកម្មវិធីមួយនេះដល់ទៅ ៤ លើកក្នុង ៥ឆ្នាំចុងក្រោយ៕