នាថ្ងៃនេះក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចុះកិច្ចសន្យាជាមួយកីឡាករថ្មីមួយរូបដែលជាជនជាតិប្រេសុីល Valci Teixeira Júnior ដែលបំពេញតួនាទីជាខ្សែប្រយុទ្ធ ។ កីឡាករវ័យ ៣១ឆ្នាំរូបនេះមានបទពិសោធន៍ជោគជាំក្នុងតំបន់អាស៊ីជាពិសេសនៅក្នុងប្រទេសថៃតែម្តង ជាក់ស្តែងរូបគេធ្លាប់លេងជាមួយបណ្តាក្រុមនៅលីគកំពូលថៃដូចជា៖ ក្រុម Thai Port, Nakhon Ratchasima ជាដើម។

នាឆ្នាំ២០១៧ កន្លងមក រូបគេបានប្តូរទៅលេងនៅក្លឹប Udon Thani ហើយបានជួយឲ្យក្រុមមួយនេះឡើងពីក្របខណ្ឌលីគទី៣ ថៃមកលេងនៅក្របខណ្ឌលីគទី២ ឬ Thai league 2 វិញ ដែលរកគ្រាប់បាល់បានចំនួន១៥គ្រាប់ ។

Valci Júnior ក៏ធ្លាប់លេងក្នុងក្របខណ្ឌលីគទី២ថៃ ឬ Thai league 2 ហើយពេលនោះគាត់លេងជាមួយក្រុម Bangkok FC (២០១៤) ដោយរកបាន ១៦គ្រាប់ និង Ayuthaya FC (២០១៥) ដោយរកបាន ២៤គ្រាប់ ។ ជាងនេះទៅទៀត រូបគេក៏ធ្លាប់ប្រកបអាជីពនៅលីគទី៣ជប៉ុនជាមួយក្រុម Gainare Tottori នាឆ្នាំ២០១៦ ក៏ដូចជានៅក្នុងប្រទេសអូម៉ង់ ជាមួយក្លឹប Al Nahda Club កាលពីឆ្នាំ២០១២ ថែមទៀតផង។

សូមបញ្ជាក់ដែរថា កីឡាករប្រសុីលរូបនេះ ទើបតែបានបញ្ចប់កិច្ចសន្យាពាក់កណ្តាលរដូវកាលជាមួយក្លឹប Samut Sakhon នាដើមឆ្នាំ២០១៨នេះ ដោយបានបង្ហាញខ្លួនចំនួន ១៥ប្រកួត និងទាត់បញ្ចូលទីបាន​ ៨គ្រាប់ផងដែរ៕