ទោះបីជាប្រិយមិត្តពិបាកនឹងជឿ តែវាជាការពិតដែលថាប្រព័ន្ធប្រយុទ្ធ BBC មិនដែលបានលេងជុំគ្នា៩០នាទីក្នុងការប្រកួតក្រោមការដឹកនាំរបស់ Zidane ទោះបីជាគ្រូបង្វឹករូបនេះ ពេញចិត្តទម្រង់ប្រយុទ្ធខ្លាំងបែបណាក៏ដោយ។
លោក Zidane ត្រូវបានគេដឹងថាចូលចិត្តប្រព័ន្ធដែលមាន Bale, Benzema និង Cristiano Ronaldo បំផុត ប៉ុន្តែតាមពិតទៅ ក្នុងការប្រកួតជាច្រើន លោកបានដកចេញម្នាក់ហើយប្ដូរចូលខ្សែបម្រើ Isco និងកីឡាករកំពុងឡើងទម្រង់លេង Asensio។ ចំណែកពេលចុងក្រោយបំផុត ដែលខ្សែប្រយុទ្ធទាំងបីលេងលេងជាមួយគ្នាពេញ៩០នាទីគឺ Zidane មិនទាន់បានមកបង្វឹកReal Madrid នៅឡើយទេ។
ទោះបីជាយ៉ាងនេះក្ដី!លទ្ធផលគណិតវិទ្យា មិនអាចកុហកបានឡើយហើយថ្មីៗនេះ BBC ពិតជាកម្របានលេងជាមួយគ្នាណាស់ កុំថាឡើយលេងជាមួយគ្នាពេញ៩០នាទី។ ពេលវេលាដែលកីឡាករសញ្ជាតិវែល បារាំង និងព័រទុយហ្គាល់លេងជាមួយគ្នាមិនបានពេញលេញគឺចាប់ផ្ដើមតាំងពីឆ្នាំ២០១៥មកម្លេះ។
ពេលវេលាចុងក្រោយ ដែលអ្នកទាំងបីលេងជាមួយគ្នាពេញ គឺកើឡើងកាលពីខែធ្នូ ក្នុង កីឡដ្ឋាន El Madrigal (បច្ចុប្បន្នគឺ Estadio de la Ceramica)អំឡុងពេលលេងជាមួយ Villarreal។ កាលនោះគឺការប្រកួតក្នុងសប្ដាហ៍ទី១៥ ហើយបញ្ចប់ទៅលទ្ធផលចាញ់១ទល់០ដោយជម្រើសដំបូង១១នាក់គឺ៖ Navas, Danilo, Pepe, Ramos, Marcelo; Casemiro, James, Modric; Bale, Ronaldo, Benzema។ អំឡុងការប្រកួតមានការដោះដូរកីឡាករ៣នាក់ តែមិនប្ដូរចេញខ្សែប្រយុទ្ធទាំងបីនាក់នេះទេ ដោយលោក Rafa Benitez រក្សាទុកដល់ចប់ការប្រកួត ដើម្បីរកគ្រាប់តាមស្មើហើយសុខចិត្តប្ដូរ Casemiro, Modric និង Marceloជំនួសវិញ។
ក្រោយៗមក Bale របួសញឹកញាប់ Benzema ធ្លាក់ទម្រង់លេង ហើយ Ronaldo ជាប់បម្រាមក្នុងដើមរដូវកាលនេះ(Benzema ប្ដូរចេញជាច្រើនប្រកួត) បានធ្វើឲ្យស្ថានភាពផ្លាស់ប្ដូរ ប៉ុន្តែបែបណាក្ដី! បើកីឡាករទាំងពីរនាក់នេះ ចូលលេងជុំគ្នា ពួកគេនៅតែជាខ្សែប្រយុទ្ធប្រកបដោយគ្រោះថ្នាក់បំផុតក្នុងពិភពបាល់ទាត់ដដែល៕