Antoine Griezmann បានធ្វើការសម្រេចចិត្តជុំវិញអនាគតរបស់ខ្លួនហើយបន្ទាប់ពី Barcelona តាមទាក់ទងតាំងពីដើមរដូវកាលមុនមក។
ខ្សែប្រយុទ្ធជម្រើសជាតិបារាំងវ័យ២៧ឆ្នាំរូបនេះបានអះអាងថាគេចង់ជម្រះមន្ទិលលើអនាគតរបស់គេមុនបារាំងចាប់ផ្ដើមយុទ្ធនាការ World Cup 2018 ទល់នឹង អូស្ត្រាលី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
កាលពីខែឧសភាកន្លងទៅ Atletico បានសម្ដែងភាពខកចិត្តលើ Barcelona ចំពោះរបៀបដែលពួកគេទាក់ទង Griezmann បន្ទាប់ពីលោក Josep Maria Bartomeu សារភាពថាលោកបានជួបជាមួយភ្នាក់ងាររបស់ Griezmann កាលពីដើមរដូវកាល។
Griezmann ផ្លាស់ពី Real Sociedad មក Atletico ក្រោយចប់ World Cup 2014 ហើយមកទល់ពេលនេះរកគ្រាប់បាល់បាន១១២ដងសម្រាប់ក្រុមលោក Diego Simeone។ គេកំពុងមានកិច្ចសន្យាជាមួយ Atletico ដល់ឆ្នាំ២០២២៕