តារា​សំខាន់​របស់​ Chelsea កីឡាករ​​ Eden Hazard បាន​បញ្ជាក់​ថា​គាត់​នឹង​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​តោ​ខៀវ​រយៈ​ពេល​យូរ​ ដើម្បី​បន្ត​អនាគត​ជាមួយ​ក្លឹប​មួយ​នេះ​។

កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​​ ដែល​មក​លេង​ជាមួយ ​Chelsea តាំង​ពី​ឆ្នាំ​២០១២ ​តែង​តែ​មាន​ទំនាក់ទំនង​ម្ដង​ហើយ​ម្ដង​ទៀត​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​លេង​នៅ​ Real Madrid បើ​គិត​ៗ​ទៅ​មាន​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ។ ទោះ​បី​ជា​ត្រឹម​តែ​ជា​ពាក្យ​ចចាមអារ៉ាម ​​ប៉ុន្តែ​ Hazard ខ្លួន​ឯង​ក៏​ធ្លាប់​និយាយ​សរសើរ​គ្រូ​បង្វឹក​ Real Madrid លោក Zidane ហើយ​ពេល​នេះ​រូប​គេ​បាន​បញ្ជាក់​ដោយ​ខ្លួន​ឯង​ផ្ទាល់​ថា​ នឹង​កាន់​ប៊ិក​ស៊ីញេ​កុង​ត្រា​បន្ថែម​ជាមួយ​តោ​ខៀវ​ហើយ។

លើស​ពី​ហ្នឹង​ទៅ​ទៀត​! Hazard ក៏​បាន​និយាយ​ថា​គាត់​នឹង​ស៊ីញេ​កុង​ត្រា​បន្ទាប់​ពី​អ្នក​ចាំ​ទី​ Thibaut Courtois ស៊ីញេ​រួច​ហើយ​ខណៈ​ដែល​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​ ក៏​មាន​ទំនាក់​ទំនង​ទៅ​លេង​នៅ ​Real ដូច​គ្នា។ ពេល​អ្នក​កាសែត​សួរ​ថា​តើ​អ្នក​នឹង​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ Chelsea? ហើយ​ Hazard​និយាយ​ក្នុង ​Daily Mirror ថា​៖” បាទ! ខ្ញុំ​គិត​ថា​Thibaut មុន​គេ​ ហើយ​ក្រោយ​មក​ទើប​មក​ដល់​ខ្ញុំ”

សម្ដី​ប៉ុន្មាន​ម៉ាត់​នេះ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត ​Chelsea ជឿជាក់​ ខណៈ​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ពួក​គេ​ព្រួយបារម្ភ​ខ្លាច​Super Star របស់​ខ្លួន​ស៊ីញេ​កុង​ត្រា​ឲ្យ​ក្លឹប​យក្ស​ La liga ៕