អ្នកគាំទ្របាល់ទាត់លើភពផែនដីយើងទាំងមូល កំពុងរងចាំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ធំបំផុត ដែលនឹងចាប់ផ្ដើមឆ្នាំក្រោយក្នុងប្រទេសរុស្សី ខណៈមហាអំណាចអ៊ុយក្លេអ៊ែរមួយនេះ នឹងទទួលក្រុមបាល់ទាត់ជម្រើសជាតិទាំង៣២មកពីជើវិញពិភពលោក។
ក្នុងចំណោមប្រទេសទាំងអស់ដែលបានទៅលេងនៅ World Cup ឆ្នាំក្រោយសុទ្ធតែខ្លាំងៗ ប៉ុន្តែមានតែប្រទេស៥នេះប៉ុណ្ណោះ ដែលមានភាគរយខ្ពស់ឈ្នះ World Cup 2018 នេះខ្ពស់ជាងគេ។
អាល្លឺម៉ង់៖
ម្ចាស់ជើងឯក World Cup 2014 មួយនេះនៅតែជាក្រុមគីឡូធ្ងន់ ហើយក្រុមមួយចំនួនគ្រាន់តែលឺឈ្មោះក្រុមបាល់ទាត់អាល្លឺម៉ង់គឺដឹងតែញាក់សាច់តែម្ដង។ពួកគេគឺជាក្រុមដែលធ្លាប់ស្ដេចត្រាញ់ពិភពលោកប្រេស៊ីល ដល់ទៅ៧គ្រាប់ ហើយកីឡាករដែលធ្លាប់លេងនៅ ២០១៤ ភាគច្រើន នៅតែបន្តវត្តមានក្នុងការប្រកួតឆ្នាំក្រោយដដែល។
អេស្ប៉ាញ៖
ទោះបីខកចិត្តកាលពីឆ្នាំ២០១៤ ប៉ុន្តែបច្ចុប្បន្នក្រុមគោជល់នៅអឺរ៉ុបមួយនេះ គឺជាគីឡូខ្លាំងមួយដែលក្រុមលំដាប់កំពូលដទៃទៀត មិនគួរមើលរំលង។ ក្រុមដែលដឹកនាំដោយលោក Lopetegui កំពុងរក្សាភាពខ្លាំងហើយមានកីឡាករល្អៗ ដូចជា៖ Isco, Iniesta, Ramos, Morata និង David Silvaសុទ្ធតែអាចបង្កភាពភ្ញាល់ផ្អើលដល់ពិភពលោក។
ប្រេស៊ីល៖
ភាពខ្លាំងក្នុងរយៈពេលចុងក្រោយគឺមិនខុសពីអេស្ប៉ាញប៉ុន្មានទេ ប៉ុន្តែក្រុមសាំបា គឺជាស្ដេចត្រាញ់ពិភពលោក ផ្នែកបាល់ទាត់ពីដំបូងអើយមក ដោយធ្លាប់ឈ្នះពាន World Cup ដល់ទៅ៥ដងម្នាក់ឯងលើសគេ។ កីឡាករប្រកបដោយទេកោសល្យ ជាច្រើននាក់កំពុងក្រឡុកបាល់ទាត់ទូទាំងពិភពលោក ពិសេសនៅអឺរ៉ុបនិងប្រទេសចិន។
បារាំង៖
ជាក្រុមជើងឯករងពាន Euro 2016 ហើយក្រុមមួយនេះ សម្បូរកីឡាករវ័យក្មេងប្រកបដោយទេពកោសល្យមាន Kylain Mbeppe, Paul Pogba, Griezmann…ជាដើម ដែលសុទ្ធតែមានវត្តមានជាមួយក្លឹបលំដាប់ពូលនៅអឺរ៉ុប។
អាហ្សង់ទីន៖
បច្ចុប្បន្នក្រុមពពកសមួយនេះមិនស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតនោះទេ។ ការឡើងមកលេងនៅ World Cup លើកនេះគឺបានមកពីឥទ្ធិពលរបស់ Messiរកបានបីគ្រាប់ម្នាក់ឯងក្នុងការប្រកួតចុងក្រោយ។ បែបណាក្ដី! ពួកគេគឺជាក្រុមគីឡូធ្ងន់បំផុតមួយដែលធ្វើឲ្យក្រុមខ្លាំងៗមួយចំនួនខកចិត្តមិនស្ទើនោះទេ។ប៉ុន្តែនៅWorld Cup 2014 ពួកគេខកចិត្តក្រោមស្នាដៃម្ចាស់ជើងឯកអាល្លឺម៉ង់៕