គ្រូ​បង្វឹក​ក្លឹប ​Paris Saint-Germain លោក Unai Emery ជឿ​ថា​ម្ចាស់​ផ្ទះ​ Real Madrid នឹង​មាន​ភាគរយ​ច្រើន​ក្នុង​ការ​យក​ឈ្នះ​ Barcelona។

ម្ចាស់​ការពារ​ដំណែង​ជើង​ឯក​ Real Madrid នឹង​ស្វាគមន៍​ក្រុម​កំពូល​តារាង ​Barcelona ក្នុង​កីឡដ្ឋាន Santiago Bernabeu ខណៈ​ដែល​ម្ចាស់​ជើង​ឯក​អេស្ប៉ាញ ​និង​អឺរ៉ុប​ តាម​ពី​ក្រោយ​ដល់​ទៅ​១១​ពិន្ទុ​ឈរ​លេខ​៤​ក្នុង​តារាង។ អញ្ចឹង​ក៏​ដោយ​ Real Madrid នៅ​ដល់​មួយ​ប្រកួត​ក្នុង​ដៃ​ ដោយ​សារ​រវល់​តែ​លើក​ពាន​ FIFA Club Wold Cup នៅ​អារ៉ាប់​រួម។

​ដូច្នេះ​ហើយ​លោក Emery ដែល​នឹង​ត្រូវ​ដឹកនាំ​ក្រុម ​PSG របស់​លោក​ត្រូវ​ជួប ​Real ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​ Champions League ជឿ​ថា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ក្រុម​របស់​លោក ​Zidane មាន​ភាគរយ​ខ្ពស់​ជាង។

លោក​បាន​និយាយ​ក្នុង​កាសែត​ MARCA ៖” ពួក​គេ​តាម​ពិន្ទុ​ពី​ក្រោយ​គេ​ច្រើន ​​ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​នេះ ​​ប្រសិន​បើ​អ្នក​សួរ​ខ្ញុំ​ថា​ក្រុមណា​ឈ្នះ​ គឺ​ខ្ញុំ​ថា​ Real Madrid ខណៈ​ដែល​ពួក​គេ​លេង​ក្នុង​កីឡដ្ឋាន​ខ្លួន​ឯង។ លេង​ក្នុង​ដី​ខ្លួន​ឯង​ គឺ​ជា​ផល​ចំណេញ​ក្នុង ​El Clasico លើស​ពី​នេះ​ Real Madrid កំពុង​បួងសួង​សុំ​រក្សា​ដង្ហើម​ក្នុង​ពាន​ La liga”។

“​ពួក​គេ​ត្រូវ​ការ​បី​ពិន្ទុ​ ហើយ​ផល​ចំណេញ​ក្នុង​ដី​ខ្លួន​ឯង​ពិត​ជា​សំខាន់។ ប៉ុន្តែ​អ្នក​មិន​អាច​បដិសេធ​ At. Madrid បាន​នោះ​ទេ​ដែល​កំពុង​ស្រក់​ទឹក​មាត់​ឃ្លាន​ La liga”៕