តាម​ប្រភព​ The Sun, Isco នឹង​សម្លឹង​មើល​ឱកាស​ទៅ​លេង​នៅ​ក្លឹប​កំពូល​តារាង​ Premier League គឺ​ Manchester City ដើម្បី​ដោះស្រាយ​បញ្ហា​មិន​សូវ​បាន​បង្ហាញ​ខ្លួន ​​ខណៈ​ពេល​នេះ ​ពេលវេលា​ចូល​លេង​របស់​គាត់​នៅ ​Real Madrid កំពុង​កាត់​បន្ថយ​បន្តិច​ម្ដងៗ។

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ បាន​ក្លាយ​ជា​ចំណែក​លើស​ក្រុម​ការ​ដឹកនាំ​របស់​ Zidane នៅ​ Bernabeu ខណៈ​ដែល​មិត្ត​រួម​ក្រុម​ Marco Asensio និង ​Lucas Vazquez បាន​ចូល​លេង​ពេញ​ៗ​។ Isco បាន​ចូលលេង​ជម្រើស​ដំបូង​១៨​ប្រកួត​ ព្រម​ជាមួយ​Champions League ៦​ប្រកួត​ផង​ដែរ​ក្នុង​រដូវ​កាល​នេះ ​ប៉ុន្តែ​របាយការណ៍​ក្នុង​ប្រទេស​អង់គ្លេស​​បាន​បញ្ជាក់​ថា​រដូវ​កាល​ក្រោយ​ អាច​នឹង​ឃើញ​កីឡាករ​កំពូល​ញាក់​បាល់​រូប​នេះ ​រើ​កាបូប​ខោអាវ​ចេញ​ពី​ Los Blancos។

ប្រសិន​បើ​ជា​ការ​ពិត​, Manchester City អាច​នឹង​ជា​ជម្រើស​ជាក់លាក់​របស់​លោក ​Pep Guardiola ខណៈ​ដែល​គ្រូ​បង្វឹក​អេស្ប៉ាញ​រូប​នេះ ​ធ្លាប់​បង្ហាញ​ការ​ចង់​ខ្សែ​បម្រើ​ម្នាក់​នេះ​ផង​ដែរ។ ដើម្បី​យក ​Isco មក​បាន​ ” Sky Blue” នឹង​បំបែក​កំណត់​ត្រា​ដោះដូរ​កីឡាករ​របស់​ខ្លួន ជាមួយ​នឹង​លុយ​៧៥​លាន​ផោន ​​និង​លក្ខខ័ណ្ឌ​មួយ​ចំនួន​ទៀត​ទើប​អាច​នាំ​យក​មក​កីឡដ្ឋាន​ Etihad បាន​ស្រួល។

ខ្សែ​បម្រើ​វ័យ​២៥​ឆ្នាំ​​រក​បាន​៥​គ្រាប់​ និង​បញ្ជូន​បាល់​បាន​៥​ដង​ក្នុង​លីគ​រដូវ​កាល​នេះ​​ ហើយ​រូប​គេ​នឹង​ក្លាយ​ជា​កង​ទ័ព​ដ៏​រឹង​មាំ​ក្នុង​តំបន់​បម្រើ​ប្រយុទ្ធ​របស់ ​Manchester City ជាមួយ​នឹង​ទេពកោសល្យ​ដ៏​គ្រោះថ្នាក់​របស់​ខ្លួន៕