ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីកអាចនឹងផ្លាស់ប្ដូរសមាសភាពដល់ទៅ១០នាក់សម្រាប់ការប្រកួតចុងក្រោយប្រចាំពូល G ជាមួយអង់គ្លេស ដើម្បីរក្សាគុណភាពកីឡាករសម្រាប់វគ្គ១៦ក្រុមចុងក្រោយ។ នេះបើតាមការបង្ហើបឲ្យដឹងពីគ្រូបង្គោល Roberto Martinez។
ក្រុមលោក Martinez មានកីឡាករម្នាក់បានកាតលឿងរួចស្រេច ខណៈ Eden Hazard និង Romelu Lukaku ទំនងមានការព្រួយបារម្ភជុំវិញបញ្ហារបួស។ គ្រូបង្គោលជនជាតិអេស្ប៉ាញ ឲ្យដឹងថា កីឡាករពុំទាន់ចូលលេងអាចនឹងមានមុខច្រើនលើទីលានសម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍។
លោក Martinez បញ្ជាក់បែបនេះ ៖ “ប្រសិនបើខ្ញុំនិយាយទៅកាន់កីឡាករទាំងអស់ ខ្ញុំគិតថា អ្នករាល់ពិតជាសមមានឱកាសលេងនៅ World Cup។ ដូច្នេះ វាពិតជាសំខាន់ខ្លាំងដែលត្រូវបែងចែកឱកាសដល់កីឡាករគ្រប់រូប ថាតើពួកគេអាចធ្វើបានល្អប៉ុនណា។ គ្មាននរណាម្នាក់អាចធានាកៅអីរបស់គេឲ្យជាក់លាក់ទេនាពេលនេះ”។
គួរបញ្ជាក់ថា ក្រុមបិសាចក្រហមបែលហ្ស៊ិកនឹងត្រូវជួបជាមួយក្រុមតោកំណាចអង់គ្លេសដែលជាការប្រកួតចុងក្រោយនៅពូល G នាវេលាម៉ោង១ទៀបភ្លឺដោយនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN & CNC ផងដែរ។