និយាយរឿងបង្កើតរឿងអាស្រូវ គឺនឹងនឹកឃើញដល់ខ្សែប្រយុទ្ធ Mario Balotelli ដែលជាជនជាតិអ៊ីតាលី ភ្លាម។ កីឡាកររូបនេះធ្លាប់ប្រកបអាជីពនៅក្លិបល្បីៗមួយចំនួនតាំងពី Inter Milan របស់អ៊ីតាលី, Man City របស់អង់គ្លេស, AC Milan របស់អ៊ីតាលី, Liverpool របស់អង់គ្លេសជាដើម។ មិនថាទៅដល់ទីណានោះទេ រឿងអាស្រូវតែងតែកើតមានទៅលើកីឡាករវ័យ២៦ឆ្នាំរូបនេះ។
ក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ អតីតសមាជិកក្រុមជម្រើសជាតិអ៊ីតាលី រូបនេះបានចូលរួមជាមួយក្រុម Nice នៅប្រទេសបារាំង ដោយផ្ទេរចេញពីក្លិប Liverpool របស់អង់គ្លេស។ រូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុម ក្រោយរកបាន១៧គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន២៨លើកគ្រប់ពានរង្វាន់ដែលក្លិបត្រូវប្រកួត ព្រមទាំងបានប្រជែងកៅអីសំខាន់ៗក្នុងពានរង្វាន់លីគកំពូលប្រទេសបារាំងផងដែរ។
លោក Jean Pierre Rivere ប្រធានក្លិប Nice បានប្រាប់សារព័ត៌មាន beinsport ថា៖« Mario គាត់សុខចិត្តទំលាក់តម្លៃប្រាក់ខែរបស់គាត់ ដើម្បីបន្តលេងជាមួយយើងទៀត។ ខ្ញុំមានរឿង២ដែលត្រូវគិតគឺទី១ យើងមានកីឡាករដែលចង់លេងជាមួយយើង និងទី២ គាត់បានសម្រេចចិត្តបន្ថយប្រាក់ខែខ្លួនឯង ហើយចង់នៅជាមួយយើង»។
កិច្ចសន្យារបស់ Balotelli ជាមួយក្លិប Nice បានផុតតាំងពីចុងសប្ដាហ៍កន្លងមកម៉្លេះ ហើយក្លិបយក្សរបស់អាល្លឺម៉ង់ Borussia Dortmund បង្ហាញការចង់បានកីឡាកររូបនេះ តែលោក Rivere មានទំនុកចិត្តក្នុងការរក្សាកៅអីឱ្យរូបគេស្នាក់នៅជាបន្តទៀត៕