គ្រូបង្វឹក Gareth Southgate របស់តោកំណាចអង់គ្លេស បានតែងតាំង ខ្សែប្រយុទ្ធ Harry Kane ជាប្រធានក្រុមដើម្បីដឹកនាំការប្រកួតនៅ World Cup 2018 នៅប្រទេសរុស្សី ពីថ្ងៃទី ១៤ មិថុនា ដល់ ១៥ កក្កដា ខាងមុខនេះ។

ក្រោយ​ឡើង​តំណែង​ម្ចាស់​អាវ​លេខ​១០​រូប​នេះ​អះអាង​ថា​ តោ​កំណាច​អង់គ្លេស​ពិត​ជា​អាច​ឈ្នះ​ពាន​ World Cup នៅ​រុស្ស៊ី។​ “វា​​មិន​សម​ទេ​បើ​យើង​គ្មាន​ក្ដី​ស្រមៃឈ្នះ​​ World Cup ព្រោះ​វា​ជា​ពាន​ធំ​បំផុត​នៅ​ក្នុង​លោក។​ ខ្ញុំ​គិត​ថា​អង់គ្លេស​អាច​ឈ្នះ​​ ហើយ​ក្រុម​ណា​ក៏​អាច​ឈ្នះ​បាន​ដែរ។ ខ្ញុំ​មិន​អាច​អង្គុយ​នៅ​ទី​នេះ​ ហើយ​និយាយ​ថា​យើង​មិន​​ឈ្នះ​ពាន​បាន​ទេ​ ព្រោះ​យើង​អាច​ធ្វើ​បាន” នេះជាការបន្ថែមរបស់កីឡាករវ័យ២៤ឆ្នាំ។

នេះ​មិន​មែន​ជា​លើក​ទី ១ ទេ ដែល​ខ្សែ​ប្រយុទ្ធ​អង់គ្លេស ទទួល​បាន​តំណែង​មួយ​នេះ។ កីឡាកររបស់ Spur រូបនេះ​ធ្លាប់​បានពាក់​ស្លាក​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ចំនួន ៤ លើក​រួច​មក​ហើយ​កាល​ពី​ពេល​កន្លង​ទៅ។

បើ​តាម​ការ​ផ្សាយ​របស់​ BBC មុន​ជ្រើស​យក Kane កីឡាករ​មួយ​រូប​ទៀត​ដែល​លោក Southgate បាន​ពិចារណា​ក្នុង​ការ​តែង​តាំង​ធ្វើ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ World Cup ខាង​មុខផងដែរ ​នោះ​គឺ​ខ្សែ​បម្រើ​វ័យ២៧ឆ្នាំ Jordan Henderson របស់​ Liverpool៕