អតីត​ខ្សែ​បម្រើ​ Real Madrid កីឡាករ​​ Kaka បាន​ប្រកាស​​ពី​ការ​ចូល​និវត្តន៍​ពី​អាជីព​បាល់​ទាត់​ហើយ ​​ក្រោយ​បញ្ចប់​កុង​ត្រា​ជាមួយ​ក្លឹប​ Orlando City លេង​ក្នុង​លីក​កំពូល​អាមេរិក​ MLS។

អតីត​ខ្សែ​បម្រើ​ឆ្នើម​ជម្រើស​ជាតិ​ប្រេស៊ីល និង​ក្លឹប​ AC Milan បាន​ប្រកាស​ក្នុង​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​ពី​ការ​ព្យួរ​ស្បែកជើង​បាល់​ទាត់​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ។ អតីត​កីឡាករ​រូប​នេះ​ធ្លាប់​បាន​លេង​បាល់​ជាង​៦០០​ប្រកួត​ កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​បាល់​ទាត់​ ក្នុង​កម្រិត​កំពូល​ដោយ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក ​ឈ្នះ​ពាន ​Ballon d’Or មុន ​Messi និង​ Ronaldo។ ទម្រង់​លេង​​បំផុត​របស់​គាត់​គឺ​ជួយ AC Milan លើក​ពាន​ Champions League កាល​ពី​ឆ្នាំ​២០០៧។

ក្រោយ​មក​លោក​ Florentino Perez ក៏​បាន​ទិញ​គាត់​ពី​អ៊ីតាលី​មក​លេង​នៅ ​Real Madrid កាល​ពី​ឆ្នាំ ២០០៩​ដំណាល​គ្នា​និង​ Ronaldo ក្នុង​តម្លៃ​៦៥​លាន​អឺរ៉ូ​ប៉ុន្តែ​២​ឆ្នាំ ក្រោយ​របួស​ជង្គង់​រ៉ាំរ៉ៃ​បាន​ធ្វើ​ឲ្យ​ទម្រង់​លេង​ធ្លាក់​ចុះ​។ បន្ទាប់​ពី​ពិបាក​បង្ហាញ​ទម្រង់​លេង​ដោយ​ត្រូវ​ប្រជែង​ជាមួយ​ Cristiano Ronaldo​និង ​Karim Benzema, Kaka ក៏​ត្រឡប់​មក​ Milan វិញ​តែ​ទម្រង់​លេង​ហាក់​មិន​បាន​ប្រសើរ​ឡើង​វិញ​នោះ​ទេ។ គាត់​ក៏​បន្ត​ទៅ​លេង​នៅ​អាមេរិក​ចាក​ឆ្ងាយ​ពី​ភាព​ល្បី​របស់​ខ្លួន ​តែ​គាត់​នៅ​តែ​ជា​កីឡាករ​ប្រកប​ដោយ​ទេពកោសល្យ​ដដែល។

និយាយ​ក្នុង​អាជីព​បាល់​ទាត់​ជម្រើស​ជាតិ​គាត់​ជា​ផ្នែក​មួយ​របស់​ក្រុម​សាំបា​ប្រេស៊ីល​លើក​ពាន ​FIFA World Cup 2002។ Champions League ម្ដង Serie A ម្ដង La liga ម្ដង​និង​ World Cup គឺ​ជា​ពាន​ដែល​គាត់​ធ្លាប់​ឈ្នះ​មុន​ពេល​របួស​ តែ​ក៏​នៅ​មាន​ពាន​ជា​ច្រើន​ទៀត​ដែរ។ Kaka ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​ម្នាក់​គោរព​សាសនា​ជាប់​លាប់​​ដោយ​គាត់​តែង​តែ​សម្ដែង​ការ​គោរព​ទៅ​លើ​ព្រះ​ពេល​ទាត់​បញ្ចូល​ទី​ម្ដងៗ​ហើយ​រូប​ភាព​បង្ហោះ​អំឡុង​ការ​ប្រកាស​ចូល​និវត្តន៍​នេះ​ក៏​សម្ដែង​ពី​ការ​គោរព​ព្រះ​ដែរ៕