កាសែត ​Marca ​ពី​ប្រទេស​អេស្ប៉ាញ​បាន​រាយការណ៍​ថា​ កីឡាករ​វ័យ​ក្មេង​អាយុ​២១​ ឆ្នាំ​ដែល​ផ្ទេរ​មក​ Real Madrid​ កាល​ពី​ឆ្នាំ​មុន​គឺ Dani Ceballos ​បាន​សុំ​ប្រធាន​ក្លឹប ​Florentino Perez ថា​រូប​គេ​ចង់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ហង្សក្រហម​ Liverpool ​នៅ​អង់គ្លេស​ បន្ទាប់​ពី​មិន​អាច​ប្រជែង​តំណែង​១១​នាក់​ដំបូង​នៅ​ក្នុង​ក្រុម​បាន។

រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​បម្រុង​ និង​មិន​សូវ​បាន​ដូរ​ចូល​លេង​នោះ​ទេ ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Zinedine Zidane។ រូប​គេ​បាន​ចូល​លេង​តែ​២៩​វិនាទី ​ប៉ុណ្ណោះ ​កាល​ពី​ជំនួប​សងសឹក​រវាង​ Real Madrid និង Leganes ​ដែល​ក្រុម​ស្ដេច​ស​បាន​ឈ្នះ​៣​ទល់​និង​១។

ចំណែក​ក្លឹប ​Liverpool​ វិញ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ផង​ដែរ​ ដោយ​លោក​Jurgen Klopp ​ធ្លាប់​បាន​កោត​សរសើរ​អំពី​សមត្ថភាព​របស់​កីឡាករ​រូប​នេះ​ ហើយ​មាន​គម្រោង​ចង់​នាំ​គេ​មក​កាន់​ទឹក​ដី​Anfield​ នៅ​ក្រោយ​ចប់​រដូវ​កាល​នេះ។

បើ​សិន​ជា​លោក​ Perez ​ព្រម​លក់  ​Ceballos ​មែន​ Liverpool​ និង​ត្រូវ​ប្រឈម​មុខ​ជា​មួយ​ក្លឹប​ដទៃ​ទៀត​នៅ ​Premier League​ ដូចជា​ Arsenal ​និង​ Tottenham Hotspur ជាដើម​ដែល​សុទ្ធ​តែ​បាន​ចូល​ខ្លួន​មក​ទាក់ទង​កីឡាករ​រូប​នេះ៕

The Sun