ខ្សែប្រយុទ្ធ Sandro Wagner របស់ Bayern Munich បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ក្រោយមិនជាប់ក្នុងបញ្ជីរបស់អ្នកចាត់ Joachim Low ក្នុងពានរង្វាន់ FIFA World Cup 2018។ ការប្រកាសបែបនេះគឺកើតឡើងក្រោយពេលដែលគ្រូបង្វឹក Joachim Low បានប្រកាសបញ្ជីឈ្មោះកីឡាករទាំង២៣រូបដែលត្រូវបង្ហាញខ្លួននៅប្រទេសរុស្ស៊ី។
ក្នុងបញ្ជីនោះដែរ គេសង្កេតឃើញមានវត្តមានរបស់ Manuel Neuer ដែលទើបជាពីរបួស ខណៈដែល Mario Gotze មិនមានឈ្មោះឡើយ ខណៈមិត្តរួមក្រុម Marco Reus មានឈ្មោះក្នុងក្រុមជម្រើសជាតិសារជាថ្មីដោយសង្ឃឹមនឹងចូលលេងក្នុងព្រឹត្តិការណ៍ខាងលើនេះជាលើកដំបូង។
គួររំលឹកថា Wagner ស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុងការចូលលេង៨ប្រកួតឲ្យក្រុមជម្រើសជាតិ ដោយរូបគេក៏ជាសមាជិកដែលជួយឲ្យក្រុមរហស្សនាមឥន្រ្ទីដែកលើកពាន Confederations Cup កាលពីឆ្នាំមុននៅទឹកដីរុស្ស៊ីផងដែរ។ ដោយឡែក ក្រុមលោក Joachim Low ស្ថិតក្នុងពូល F ជាមួយ ម៉ិចស៊ិចកូ, កូរ៉េខាងត្បូង និង ស៊ុយអែត៕