តាម​រយៈ​ការ​ទស្សន៍ទាយ​ពី​ Opta បាន​ឲ្យ​ដឹង​ថា​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ​មាន​ឱកាស​ច្រើន​ជាង​គេ​បំផុត​ ក្នុង​ការ​ឈ្នះ​ពាន​ World Cup 2018 នៅ​រុស្សី​ ខណៈ​អាល្លឺម៉ង់ អាហ្សង់ទីន បារាំង ​ជា​ក្រុម​ដែល​ស្ថិត​ក្នុង​បេក្ខភាព​ខ្ពស់​ជាង​គេ។

តាម​រយៈមការ​ចាប់​ពូល​កាល​ពី​យប់​មិញ​ក្នុង​ទី​ក្រុង​មូស្គូ ប្រេស៊ីល​នៅ​ជាមួយ​ក្រុមស្វីស កូស្ការីកា និង​ស៊ែប៊ី​ក្នុង​ពូល ​E ហើយ ​Opta បាន​ផ្ដល់​ពិន្ទុ​ឲ្យ​ក្រុម​របស់​លោក Tite ដល់​១៤.២% នៃ​ឱកាស​ទាំង​អស់​ដើម្បី​ឈ្នះ​ពាន​ហើយ​ ២២.៥​%​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។

 

ចំណែក​ក្រុម​ការពារ​ដំណែង​ជើង​ឯក​អាល្លឺម៉ង់ ​ស្ថិត​ក្នុង​លំដាប់​ទី​២​ដោយ​មាន​១១.៤​% ខណៈ​អាហ្សង់ទីន​១០.៩ និង​បារាំង​១០.៥​% ហើយ​ក្រុម​សល់​ពី​នេះ​មាន​ត្រឹម​តែ​១០ភាគរយ​ចុះ​ក្រោម​ប៉ុណ្ណោះ។ អេស្ប៉ាញ​ត្រូវ​ជួប​ក្រុម​អ្នក​ជិត​ខាង​ព័រទុយហ្គាល់​ក្នុង​ពូល ​B ហើយ​ក្រុម​របស់​លោក Julen Lopetui ទទួល​បាន​៧៣.៦​%​ក្នុង​ការ​ឡើង​ផុត​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល​ហើយ​ក្រុម​របស់​ Cristiano Ronaldo មាន​៥៥.៦​%។

តើ​ Opta មាន​វិធី​យ៉ាង​ម៉េច​បាន​ចេញ​លទ្ធផល​ទស្សន៍ទាយ​បែប​នេះ?

 

Opta គឺ​ជា​វេបសាយ​ទស្សន៍ទាយ និង​ស្វែង​រក​កំណត់​ត្រា​បាល់​ទាត់​គ្រប់​សកម្មភាព​ក្នុង​ពិភពលោក​ ដោយ​គិត​ទៅ​លើ​ប្រព័ន្ធ​ទិន្នន័យ​ នៃ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​កន្លង​មក​ក្នុង​ជម្រុះ​ World Cup របស់​ប្រទេស​នីមួយ។ ក្រុម​ទាំង​អស់​ត្រូវ​គិត​ទី​លើ​ទម្រង់​លេង​បែប​ការពារ​ និង​ប្រយុទ្ធ​ដោយ​គណនា​ទៅ​លើ​ទម្រង់​លេង​កាល​ពី​មុន​ជាមួយ​លទ្ធផល​ World Cup ជំនាន់​មុន ​បូក​ជាមួយ​កំណត់​ត្រា​លទ្ធផល​សំខាន់​ៗ​។

ទម្រង់​លេង​ប្រយុទ្ធ ​និង​ការពារ​ត្រូវ​បាន​សិក្សា​ទៅ​លើ​លទ្ធផល​នាំ​ការ​ប្រកួត​ផ្លូវ​ការ​ក្នុង ​World Cup ពិសេស​យក​ពី​ World cup 2010, 2014និង ផល​ចំណេញ​នៃ​ការ​ទទួល​ប្រកួត​ក្នុង​ទឹក​ដី​ខ្លួន​ឯង​( “home advantages”  )​ ​ពី​ក្រុម​ម្ចាស់​ផ្ទះ​ និង​ក្រុម​ភ្ញៀវ​ ។ ក្រុម​ដែល​ធ្លាប់​ World cup 1970 ក៏​ត្រូវ​យក​មក​គិត​ផង​ដែរ៕