បន្ទាប់ពីរងបរាជ័យក្រោមស្នាដៃក្រុម U-15 ព្រុយណេ ដោយលទ្ធផល ០ទល់នឹង២ កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា បានបន្តឈរនៅចំណាត់ថ្នាក់លេខ៣ដដែល នៅក្នុងពូល ប៉ុន្តែហាក់នៅមានឱកាសស្ដួចស្ដើងដើម្បីឈានជើងឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
រំលឹកទៅការប្រកួតរវាង U-15 កម្ពុជា ជាមួយ U-15 ព្រុយណេ ដែលបញ្ចប់ទៅដោយលទ្ធផល ០ទល់នឹង២ គឺ កម្ពុជា មិនអាចរកគ្រាប់បាល់ឡើយ ខណៈ U-15 ព្រុយណេ រកបាន២គ្រាប់ នៅក្នុងវគ្គទី២ទាំង ២ គ្រាប់។
ក្រឡេកទៅមើលលទ្ធផលគូដទៃទៀតរួមមាន:
U-15 វៀតណាម ១-០ U-15 ម៉ាឡេស៊ី
U-15 ទីម័រខាងកើត ០-២ U-15 ហ្វីលីពីន
គិតត្រឹមប្រកួតទី៤នេះ វៀតណាម បានកក់កោអីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចជាស្រេចហើយ ស្របពេល U-15 ម៉ាឡេស៊ី មានឱកាសស្ទើរតែ៨០ភាគរយ ផងដែរក្នុងការឡើងទៅវគ្គបន្ត ដោយនឹងត្រូវប្រកួតកាត់សេចក្ដីចុងក្រោយជាមួយ U-15 កម្ពុជា ដែលអាចនិយាយបានថា ត្រឹមតែស្មើក៏ U-15 ម៉ាឡេស៊ី អាចមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានដែរ ខណៈ U-15 កម្ពុជា ត្រូវការឈ្នះជាដាច់ខាត ជាមួយនឹងគ្រាប់បាល់យ៉ាងហោចណាស់លើសពី៤គ្រាប់ឡើងទៅ លើ U-15 ម៉ាឡេស៊ី ទើបអាចមានឱកាសឡើងទៅវគ្គបន្ត ខណៈ ទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ទាំង៣ក្រុមនេះបានអស់ឱកាសឡើងទៅជុំបន្តហើយ៕
តារាងចំណាត់ថ្នាក់សរុប:
កម្មវិធីប្រកួតបន្ទាប់:
រូបភាព: aseanfootball