ក្លឹបទូកពោធិ៍មង្គល ដែលមកពីឃុំព្រែកតាទែន ស្រុកពញ្ញាឭ ខេត្តកណ្តាល ដែលនាំដោយលោក ធុល នាង ប្រធានមន្ទីការខេត្តកណ្តាល បានឈ្នះពានធំ ចំនួន២ លើវិញ្ញាសាប្រណាំងទូកខ្នាតអរន្តជាតិ ទាំងផ្នែកបុរស និងផ្នែកនារី ព្រមទាំងផ្នែកនារីដូចគ្នាក៏ទទួលបានចំណាត់ថ្នាក់លេខ២ ពីព្រឹត្តិការណ៍ប្រកួតប្រណាំងទូកជ្រើសរើសថ្នាក់ខេត្តកណ្តាល ក្រុងតាខ្មៅ កាលពីម្សិលមិញ ខណៈការប្រកួតនេះគឺ ដើម្បីជ្រើសរើសទូកខ្លាំងៗ បន្តទៅចូលរួមពិធីអុំទូក អកអំបុកសំពះព្រះខែ នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាដើមខែវិច្ឆិកា ខាងមុខនេះ។
លោក ធុល នាង ប្រធានមន្ទីរការងារខេត្តកណ្តាល បានឲ្យដឹងថា សម្រាប់ការដណ្តើមពានរង្វាន់ ក៏ជាចំនួនចំណាត់ថ្នាក់ល្អនាពេលនេះ គឺការប្រកួតកម្តៅសាច់ដុំ ក៏ដូចជាត្រៀមការប្រកួតថ្នាក់ជាតិ ពិធីអុំទូក អកអំបុកសំពះព្រះខែ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង ហើយតាមរយៈលទ្ធផលនេះ លោកង្ឃឹម ថានឹងឈ្នះ ៨០ភាគរយ ជាបន្តទៀតជាមិនខាន់ ។ លោកបន្ថែមទៀតថា កត្តាដែលធ្វើក្លឹបទទួលបានលទ្ធផលល្អបែប គឺដោយសារកីឡាករ កីឡាការិនី បានខិតខំហ្វឹកហាត់ខ្លាំង និងមានការយកចិត្តទុកពីគ្រូបង្វឹក និងថ្នាក់ដឹកនាំ ជាពិសេសជាងនេះទៅទៀតនោះ កីឡាករ កីឡាការិនី មានសហការ សាមគ្គីគ្នាបានល្អផងដែរ។
ចំពោះលទ្ធផលទូកផ្សេងៗទៀតនេះ ទូកខ្នាតអន្តរជាតិផ្នែកនារីចំណាត់ថ្នាក់លេខ១ បានលើទូកពោធិ៍មានជ័យបារមីតេជោ, លេខ២ ទូកសុវណ្ណរតនៈសែនជ័យ។ ទូកខ្នាតអន្តរជាតិផ្នែកបុរស លេខ១ ពេជ្រកុមារសែនជ័យ, លេខ២ ទូកធ្នូរសសែនតេជៈ និងលេខ៣ និស្ស័យឧត្តម។ រីឯទូកផ្កាចារ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ នារីអាស្មាក់សែនជ័យ, លេខ២ ទូកម៉ារីយ៉ុមសែនជ័យ និងលេខ៣ ទូកសាវីឌីសាយ៉ា។ ទូកផ្កាចារផ្នែកបុរស លេខ១ គង្គាមានរិទ្ធ, លេខ២ ទូកផ្កាយរះសែនជ័យ និងលេខ៣ ម៉ូស្លីមមហាមានរិទ្ធ។ ចំណែកឯទូកងខ្នាតវែង ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ សារាយតេជោសែនជ័យ, លេខ២ បារមីពោធិ៍មាសតេជោសែនជ័យ និងលេខ៣ បានទៅលើទូក ស៊ាសែនជ័យបារមីតេជៈ។
ទូកជ័យលាភីទាំងនេះត្រូវបានប្រកួតប្រជែងចេញពីក្នុងចំណោមទូកចូលរួមចំនួន ៦៣ ដែលមកពីបណ្តាស្រុកនានា ទូទាំងខេត្តកណ្តាល ដោយទូកជ័យលាភីទទួលបានថវិកា ១លានរៀល ទង់ជ័យលាភីមួយ, ពានមួយ និងគ្រឿងឧបភោគរិភោគមួយចំនួនទៀត។ ដោយឡែកទូក ដែលមិនទទួលបានជ័យលាភីក៏បានទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។
សូមបញ្ជាក់ថា ការប្រកួតប្រណាំងទូក នៅខេត្តកណ្តាលបានប្រព្រឹត្តទៅ អស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥តុលា ឆ្នាំ២០១៧ ដែលមានវិញ្ញាប្រកួតចំនួន៣ រួមមាន វិញ្ញាសាបុរស ចម្ងាយ ១៧០០ម៉ែត្រ , វិញ្ញាសា ទូកខ្នាតអន្តរជាតិ បុរស-នារី ចម្ងាយ ១៤០០ ម៉ែត្រ, វិញ្ញាសា ទូកផ្កាចាបុរស-នារី ចម្ងាយ ៧០០ម៉ែត្រ៕