ថ្លែងក្រោយយបញ្ចប់ទិវារត់ម៉ារ៉ាតុង ចក្រភពខ្មែរ លើកទី៤ ប្រកបដោយជោជ័យ នៅថ្ងៃទី០៦ ខែសីហា ម្សិលមិញនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ចំនួនអត្តពលិកអត្តពលិកសរុបជិត ៣,៥០០នាក់មកពី៥៣ប្រទេសលើពិភពលោកបានក្នុងទិវាកីឡាទេសចរណ៍ឆ្នាំ២០១៧នេះ មានការកើនឡើង១៥% បើធៀបទៅនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០១៦ កន្លងទៅ នៅតំបន់អង្គរ។
អគ្គលេខាធីការ NOCC និងជាអនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ដែរនោះបន្ថែមថា ទិវាកីឡាទេសចរណ៍នេះធ្វើឡើង ដើម្បីបង្កើនចំនួនភ្ញៀវទេចរណ៍ក្នុងរដូវធ្លាក់ភ្លៀង ឬរដូវបៃតងនេះឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ សម្រាប់ទិវានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងអាជ្ញាធរខេត្តសៀមរាប ក្នុងគោលបំណងស្វែងរកថវិកាសម្រាប់ជួយដល់សង្គម តាមរយៈមន្ទីរពេទ្យកុមារ និងអង្គការមួយចំនួន ដែលកំពុងមានការខ្វះខាត។ មួយវិញទៀតព្រឹត្តិការណ៍មួយនេះក៏បានផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ផង និងរត់ប្រណាំងដើម្បីបរិស្ថានផង។
ចំពោះលទ្ធផលទទួលបានពីគណៈកម្មការរៀបចំការប្រកួតវិញ រួមមាន៖ ការរត់ប្រណាំងម៉ារ៉ាតុងវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ លេខ១ កីឡាករ Neil Burns ជនជាតិអង់គ្លេស។ ពាក់កណ្តាលម៉ារ៉ាតុង ផ្នែកបុរសលេខ១បានទៅកីឡាករ Yamasaki Takemaru ជនជាតិជប៉ុន។ ពាក់កណ្តាលម៉ារ៉ាតុងផ្នែកនារី លេខ១ បានទៅកីឡាការិនី Puff Kathrin ខណៈវិញ្ញាសា ១០គីឡូម៉ែត្រនារីបានទៅកិឡាការិនី Matsugl Mina ជនជាតិជប៉ុន។ ផ្នែកបុរស ១០គីឡូម៉ែត្រ លេខ១ បានទៅលើកីឡាករកម្ពុជា គៀង សាម៉ន។ ក្រៅពីនេះក៏មានជ័យលាភីចំណាត់ថ្នាក់លេខ២ និងលេខ៣ លើគ្រប់វិញ្ញាសាទាំអស់ផងដែរ៕