តាមគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់យក ថ្ងៃទី២២-២៣-២៤ ខែធ្នូ ចុងឆ្នាំ២០១៧នេះ និងប្រារព្ធពិធីបុណ្យសមុទ្រ នៅខេត្តកែប ដែលព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២៣ ខែធ្នូ នេះ បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំរួមគ្នា កាលពីម្សិលមិញ។

កម្មវិធីបុណ្យនេះធ្វើឡើងបាន៥ដងរួចមកហើយ ដោយឆ្នាំមុនធ្វើឡើងនៅ ខេត្តព្រះសីហនុ។ ជាមួយនឹងការត្រៀមខ្លួន ក្នុងការប្រារព្ធពិធីបុណ្យ សមុទ្រលើកទី៦ ជុំទី២ ខាងមុខនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប បានជួបប្រជុំគ្នា ជាមួយភាគីពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីដាក់ផែនការ យុទ្ធសាស្រ្តលម្អិត ក្នុងការៀបចំព្រឹត្តិការណ៍នេះ។

នៅក្នុងកិច្ចប្រជុំនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរំលឹកថា ព្រឹត្តិការណ៍បុណ្យសមុទ្រ កាលពីលើកទី៥ នាឆ្នាំ២០១៦ កន្លងទៅ ដែលមានរយៈពេល៣ថ្ងៃដូចគ្នា នៅខេត្តព្រះសីហនុនោះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនា ប្រមាណជាង៥០ម៉ឺននាក់ និងទទួលបានជោគជ័យយ៉ាងធំធេង។ ចំណែកឯនៅឆ្នាំនេះវិញ ក៏រំពឹងថានឹងបានល្អដែរ ដោយខេត្តកែប ក្នុងឆ្នាំ២០១៦ កន្លងទៅ ទទួលបានភ្ញៀវ ទេសចរសរុបចំនួន ១,០៩៧,១៦៨នាក់។ ចំណែកក្នុង រយៈពេល៩ខែ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៩៦៧, ៥២២នាក់ បានទៅទស្សនាខេត្តកែប។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាគូសបញ្ជាក់ថា សម្រាប់ទិវាបុណ្យសមុទ្រឆ្នាំនេះ គណៈកម្មការបច្ចេកទេសគ្រប់គ្រងកីឡានឹងដាក់ប្រភេទកីឡាជាង១០ ឲ្យចូលរួមប្រកួត និងសម្តែង ក្នុងឱកាសនោះ ដែលមានដូចជាប្រភេទកីឡាហែលទឹក, ចំបាប់ បាល់ទះឆ្នេរខ្សាច់ រត់ប្រណាំង និងបណ្តាប្រភេទកីឡាមួយចំនួនទៀតផងដែរ៕