គិតត្រឹមថ្ងៃទី០២ នៃការប្រកួត 5th world vovinam championship 2017 អត្តពលិកវ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាចំនួន ៦គ្រឿង បន្ថែមទៀហើយ ខណៈដែលថ្ងៃបើកការប្រកួតពួកគេដណ្តើមបានមេដាយដល់ទៅ ១១គ្រឿងឯណោះ កាលពីថ្ងៃទី០៤ ខែសីហា ម្សិលមិញនេះ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ។

សម្រាប់កីឡាករ-កីឡាការិនីវ៉ូណាមកម្ពុជាដែលដណ្តើមមេដាយ ៦គ្រឿងទៀតនោះ គឺមេដាយមាស ១គ្រឿង ប្រកួតដណ្តើមបានលើវិញ្ញាសា សម្តែងជាក្រុមបុរស ៣នាក់ និងនារីម្មាក់ប្រើអារវុធ ជាមួយគ្នានេះដែរ ពួកគេក៏ដណ្តើមបានមេដាយប្រាក់ ២គ្រឿង និងសំរឹទ្ធ ៣គ្រឿងទៀតផងដែរ។

តាមរយៈលទ្ធផលនេះ គឺជាសិទ្ធិផលថ្មីមួយសម្រាប់ប្រភេទកីឡាវ៉ូវីណាមកម្ពុជា ដែលដណ្តើមបានមេដាយយ៉ាងច្រើន ពីការប្រកួតថ្នាក់ពិភពលោកនេះ ពោលអត្តពលិកកម្ពុជាឈ្នះមេដាយសឹងតែគ្រប់គ្នា។ ហើយវាក៏បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធវ៉ូវីណាមកម្ពុជា រួមទាំងកីឡាករ កីឡាការិនីទាំងអស់ ដណ្តើមមេដាយក៏ដូចជា កិក្តិយសមកជួនប្រទេសជាតិផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៥ នៅទីក្រុង New Delhi នៅប្រទេសឥណ្ឌា មានចំនួន ២២ប្រទេសចួលរួម ហើយការប្រកួត ២ថ្ងៃមកនេះ កម្ពុជាដណ្តើមបានមេដាយចំនួន ១៧គ្រឿងហើយ  ដោយក្នុងនោះមានមេដាយមាស ចំនួន ៣គ្រឿង មេដាយប្រាក់ចំនួន ៧គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧គ្រឿង ខណៈដែលការប្រកួតនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ៕