គ្រូបង្គោលបាល់ទាត់នៃប្រទេសទាំងពីរ ជម្រើសជាតិកម្ពុជា និងអាហ្គានីស្ថាន បានថ្លែងរួមគ្នា នៅក្នុង សន្និសីទសារពត៌មាន កាលពីព្រឹកមិញ នៅសណ្ឋាគារ ភ្នំពេញ មុនពេលដែលក្រុមទាំងពីរនឹងត្រូវជួបប្រកួតគ្នា ក្នុងព្រឹត្តិការណ៍វគ្គជម្រុះ ទ្វីបអាស៊ី AFC Asian Cup ក្នុងពូលC។
លោក Leonardo Victorino គ្រូបង្វឹកជម្រើសជាតិកម្ពុជាសញ្ជាតិប្រេស៊ីល បាននិយាយថា សម្រាប់ការ ប្រកួតនៅថ្ងៃស្អែកនេះ គឺលោកផ្តោតសំខាន់លើទៅឱកាសរកគ្រាប់បាល់ទៅលើគូប្រកួត ដោយ៣ប្រកួតកន្លង ទៅថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកចាញ់ទាំងបីប្រកួត ប៉ុន្តែលោកនៅតែខិតខំអភិវឌ្ឍកីឡាបាល់ទាត់កម្ពុជា ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកបានលើកឧទាហរណ៍ថា ការប្រកួតជាមួយឥណ្ឌា ២០ឆ្នាំ កម្ពុជា មិនដែលធ្លាប់ឈ្នះ និង១០ឆ្នាំមិនដែលធ្លាប់ឈ្នះជាមួយឥណ្ឌូណេស៊ី ជាដើម។ ការវិភាគរបស់លោកគឺមិនគិត សំខាន់ទៅលើលទ្ធផលចាញ់ ឬឈ្នះនោះទេ ប៉ុន្តែសំខាន់គឺការបង្កើតឱកាសគ្រោះថ្នាក់ផ្សេងទៅលើគូប្រកួត។ អ្វីៗទាំងអស់នេះគឺដើម្បីគោលដៅដ៏ធំ គឺឈានឆ្ពោះទៅរកធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ ទោះយ៉ាងណាក្តី ពេលប្រកួតមិនបានល្អ លោកមិនដែលដាក់កំហុសលើកីឡាករណាឡើយ ប៉ុន្តែ លោកបន្ទោសខ្លួនឯង ដោយដឹកនាំមិនបានល្អ។ ចំពោះការប្រកួតជាមួយ អាហ្គានីស្ថាន នៅថ្ងៃស្អែកនេះ លោក ជឿជាក់ថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អជាងប្រកួតមុនៗជាក់ជាមិនខាន។
ចំណែកឯលោក Otto Pfister គ្រូបង្គោលជម្រើសជាតិអាហ្គានីស្ថានគូសបញ្ជាក់ដែរថា កម្រិតបច្ចេក ទេសរបស់កីឡាករកម្ពុជាមានភាពល្អប្រសើរជាងមុន ប៉ុន្តែបើប្រៀបធៀបជាមួយបណ្តាប្រទេសនានាក្នុងទ្វីប អាស៊ី លោកមើលឃើញថា កម្ពុជាមានកម្រិតនៅឆ្ងាយនៅឡើយ។ គ្រូបង្វឹកវ័យ៨២ឆ្នាំរូបនេះបន្ថែមថា លោកពិត ជារីករាយចំពោះការទទួលស្វាគមន៍ ទាំងការហូបចុក ស្នាក់នៅរបស់ម្ចាស់ផ្ទះកម្ពុជា លើក្រុមរបស់លោក ហើយ អ្វីដែលសំខាន់បំផុត គឺលោកចង់ឲ្យការប្រកួតនៅថ្ងៃស្អែកមានអ្នកគាំទ្រសប្បាយរីករាយ។ លោកគិតថា កម្រិត របស់កម្ពុជា និងក្រុមអាហ្គានីស្ថាន ប្រហាក់ប្រហែលគ្នា ដែលលទ្ធភាពប្រហែល ៥០% ដូចគ្នា។
សូមបញ្ជាក់ថា ក្នុងពូលC នេះមាន៤ក្រុម គឺកម្ពុជា, អហ្គានីស្ថាន, វៀតណាម និងហ្សកដង់ ដែលក្រុម ទាំងអស់នឹងត្រូវបន្តជួបគ្នាចំនួន២ជើង៕