ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ លើកទី៧ ប្រចាំឆ្នាំ២០១៧ ចាប់ផ្តើមថ្ងៃទី១៨ មិថុនា ខាងមុខនេះ នៅមុខព្រះបរមរាជវាំង។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មារធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវដល់មហាជន ចូលរួមចុះឈ្មោះឲ្យបានទាន់ពេលវេលា និងឲ្យបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំនេះ។
អគ្គលេខាធិការរូបនេះ ថ្លែងឲ្យដឹងក្នុងឱកាសចុះពិនិត្យមើលទីតាំងចុះឈ្មោះនៅមុខព្រះបរមរាជវាំង កាលពីម្សិលមិញ អគ្គលេខា ធិការរូបនេះបានបញ្ជាក់ទៀតថា គិតមកទល់ពេលនេះ មានជនបរទេសដែលបានចុះឈ្មោះចូលរួមរត់នោះមាន ចំនួនជាង៥០០នាក់ហើយ ដែលមកពីប្រទេសចំនួន៣១ ដែលក្នុងនោះគេកត់សំគាល់ឃើញថា ជនបរទេស ភាគច្រើនមកពីអឺរុប។ សម្រាប់អ្នករត់ជនជាតិកម្ពុជាមានប្រមាណ ២.៩០០នាក់ហើយ ដោយឯកឧត្តមរំពឹងថា ឆ្នាំ២០១៧នេះ អ្នកចូលរួមនឹងកើនដល់ ៥០០០នាក់។ ការចុះឈ្មោះនេះនឹងបញ្ចប់នៅថ្ងៃទី១៥មិថុនា ហើយនៅ ថ្ងៃទី១៦ និងទី១៧មិថុនា នឹងរៀបចំចែកសម្លៀកបំពាក់ និងលេខសម្រាប់ពាក់រត់។ ហេតុនេះអ្នកដែលចង់ចូល រួមរត់ក្នុងព្រឹត្តិការណ៍នេះសូមអញ្ជើញចុះឈ្មោះឲ្យបានទាន់ពេលវេលា។ នេះជាឆ្នាំទី៧ហើយ ដែលព្រឹត្តិ ការណ៍នេះត្រូវបានបង្កើតឡើង ដើម្បីងចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចព្រះ មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ រត់ដើម្បីទីក្រុងស្អាត និងបៃតង រត់ដើម្បីសប្បុរសធម៌ ដើម្បីរក ថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។
ឯកឧត្តមអគ្គលេខាធិការបានបង្ហាញពីមហិច្ឆតាធ្វើឲ្យព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនេះក្លាយជាព្រឹត្តិការណ៍ម៉ារ៉ាតុង ដែលតម្រូវឲ្យរត់ចម្ងាយ ៤២,១៩៥គីឡូម៉ែត្រ នាឆ្នាំក្រោយ។ រត់ម៉ារ៉ាតុងនឹង កាន់តែទាក់ទាញអ្នករត់ល្បីៗលើពិភពលោកថែមទៀត ដោយអ្នករត់ខ្លាំងៗលើពិភពលោក គេចង់រត់ចម្ងាយ ៤២ គីឡូម៉ែត្រ ជាជាងរត់ត្រឹមពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ។
គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះក្រៅពីរត់២១គីឡូម៉ែត្រ គឺនៅមានរត់ចម្ងាយ១០គីឡូម៉ែត្រ និងរត់ចម្ងាយ ៣ គីឡូម៉ែត្រជាលក្ខណៈគ្រួសារទៀតផង៕