ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងតំណាងឲ្យប្រដាល់សកលកម្ពុជាបានដាក់ចេញនូវគោលដៅចម្បងៗចំនួន៦ចំណុច ដើម្បីអភិវឌ្ឍវិស័យកីឡាជំនាញទាំងពីរឲ្យកាន់តែរឹងមាំ សម្រាប់ត្រៀមធ្វើ ជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ ប្រធានសហព័ន្ធរូបនេះបានអះអាងនៅក្នុងឱកាសបិទសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយវិស័យប្រដាល់គុនខ្មែរ និងប្រដាល់សកលដល់រាជធានីខេត្ត កាលពីម្សិលមិញ នៅពហុកីឡដ្ឋានជាតិជាតិ។

៦ចំណុចសំខាន់ៗទាំងអស់នេះ គឺរួមមាន៖ អំពីការរៀបចំសមាគម ឬក្លឹប, ការត្រៀមចូលរួមប្រកួតជើងឯកថ្នាក់ជាតិ, ការត្រៀមចូលរួមប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨, ការងារគ្រប់គ្រង និងសុខភាពកីឡាករ, ការសិក្សាស្រាវជ្រាវ អភិរក្ស និងឃោសនាផ្សព្វផ្សាយ និងការត្រៀមលក្ខណៈសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ២០២៣ នៅកម្ពុជា ដោយចំណុចទាំងនេះ គឺជាមូលដ្ឋានគ្រឹះយកទៅអនុវត្តឲ្យបានជោគជ័យ នាពេលនោះ។

ឯកឧត្ដមបន្ថែមថា សិក្ខាសាលាផ្សព្វផ្សាយនេះ គឺទទួលបានការជួយជ្រោមជ្រែងពីក្រសួងអប់រំ ទើបសហព័ន្ធប្រដាល់គុនខ្មែរបង្កើតឲ្យមានសិក្ខាសាលានេះឡើង ដើម្បីផ្សព្វផ្សាយពីការរីកចម្រើនរបស់កីឡាប្រដាល់គុនខ្មែរ និងប្រដាល់សកល និងបង្ហាញពីឱកាសល្អដល់អ្នកដែលចង់បង្កើតក្លឹប ឬសមាគមប្រដាល់ផ្សេងៗនៅតាមបណ្ដាខេត្តក្រុងផ្សេងទៀត៕