បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានបញ្ចប់ជាស្ថាពរនោះ កាលថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ ប្រតិភូនាយបេសកកម្ម និងនាយរងបេសកកម្មនៅស៊ីហ្គេម ព្រមទាំងម្ចាស់មេដាយស៊ីហ្គេម ឃីម ឌីម៉ា បានវិលមកដល់មាតុភូមិកម្ពុជាវិញហើយ បន្ទាប់ពីបំពេញបេសកម្ម ដណ្តើមកិត្តិយស ដើម្បីជាតិអស់រយៈពេលកន្លះខែមកនេះ។

ក្នុងដំណើរមកដល់ប្រតិភូកីឡានៅស៊ីហ្គេមដែរ ក៏មានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

សម្រាប់ប្រភេទកីឡាប្រដាល់គុនខ្មែរ  ដែលបានចូលរួមប្រកួតស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ីនេះ គឺជាលើកទី១ និងទទួលបានជោគជ័យដ៏ធំធេងរបស់ប្រដាល់គុនខ្មែរ ដោយកីឡាករទៅប្រកួត៥នាក់ ឈ្នះមេដាយ៤នាក់ ក្នុងនោះមេដាយមាស១គ្រឿង រកបានដោយកីឡាករ ឃីម ឌីម៉ា, មេដាយប្រាក់១គ្រឿង រកបានដោយកីឡាករ ម៉ឺន សុភា និងមេដាយសំរិទ្ធ២គ្រឿងទៀត រកបានដោយកីឡាករ វ៉ាន់ វឿន កីឡាករ ឡៅ ចិត្រា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ទទួលបន្ទុកនាយបេសកកម្ម មានប្រសាសន៍ថា ការដណ្តើមមេដាយមាសរបស់កីឡាករ ឃីម ឌីម៉ា លើកនេះ កាន់តែធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់ ទ្វីបអាស៊ី និងពិភពលោក ស្គាល់ក្បាច់គុនបុរាណខ្មែរកាន់តែច្បាស់លើកឆាកអន្តរជាតិ និងធ្វើឲ្យពួកគេកាន់តែគាំទ្រចំពោះសមត្ថភាពរបស់អត្តពលិកកម្ពុជាទំាងអស់ថែមទៀតផង។ នេះជាលើកដំបូងគេបំផុតសម្រាប់កម្ពុជា ក្នុងប្រភេទកីឡាប្រដាល់គុនខ្មែរ ដែលទទួលបានមេដាយមាស។

សូមបញ្ជាក់ថា ស៊ីហ្គេម នៅម៉ាឡេស៊ី ឆ្នាំ២០១៧ ដែលបានបញ្ចប់ជាស្ថាពរ ថ្មីៗនេះ គឺកម្ពុជាឈ្នះបានមេដាយមាស ៣, ប្រាក់២ និងសំរិទ្ធចំនួន១២ សរុប១៧មេដាយ ដោយរក្សាបាននូវចំណាត់ថ្នាក់លេខ៨ដដែល ក្នុងចំណោម១១ប្រទេស ដូចស៊ីហ្គេម លើកទី២៨ នៅសិង្ហបុរី កាលពីឆ្នាំ២០១៥ កន្លងទៅ ដោយកើនឡើងមេដាយមាស ចំនួន២វិញ្ញាសា៕