មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជាបានអំពាវនាវជូនដល់អាណាព្យាបាលនានា ដែលមានកូនៗ ដែលជាជនមានខ្សោយបញ្ញាស្មារតីបញ្ជូនពួកគាត់មកចូលរួមលេងកីឡា ដើម្បីសុខភាព និងបង្កើនបានធនធននូវកីឡាករខ្សោយបញ្ញាកាន់តែសម្បូរបែបសម្រាប់ជាតិ នាថ្ងៃអនាគត។

លោកស្រី ហ៊ុយ ហួង សមាជិកប្រតិបត្តិ គណៈកម្មាធិការជាតិ គណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថា កូនស្រីម្នាក់របស់លោកស្រីក៏ជាជនខ្សោយបញ្ញាម្នាក់ដែរ ប៉ុន្តែគាត់គឺជាកីឡាការិនីជម្រើសជាតិខ្សោយបញ្ញា ហើយទទួលបានជោគជ័យក្នុងវិស័យកីឡា។ លោកស្រីមានមោទនភាព ដែលកូនរបស់គាត់ទទួលបានជោគ​ជ័យ តាមរយៈសកម្មភាពជាច្រើន ក្នុងវិស័យកីឡា ដោយអាច​ដណ្តើម​​មេដាយមាស និងប្រាក់​ជូនជាតិ ដូចកីឡាករ កីឡាករិនីដ៏ទៃទៀតដែរ។ លោកស្រីដែលជាគ្រូបង្វឹកមួយរូបដែរនោះបានបន្ថែមទៀតថា អាណាព្យាបាលគ្រប់រូបត្រូវតែទទួលយកអ្វី ដែលជាការពិតមួយ និងកុំមានភាពអៀនខ្មាស់ ពីកូនៗរបស់ខ្លួន ដែលមានសតិស្មារតីមិនសូវប្រក្រតីនោះ ហើយគួរតែបញ្ជូន បំផុសស្មារតី និងលើកទឹកចិត្តជូនដល់ពួកគាត់ឲ្យហាត់រៀនកីឡាណាក៏បាន ពីព្រោះថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ និងមិនឲ្យរើសអើងចំពោះក្មេងៗខ្សោយបញ្ញា ឬពិការភាពឡើយ។

អ្នកគ្រូបន្តទៀតថា ប្រសិនបើ ក្មេងៗខ្សោយបញ្ញាគ្រប់រូប  បានចូលរួមក្នុងកីឡានោះ ពួកគាត់នឹងមានការរីកចម្រើនបានច្រើន  ជាជាងទុកនៅផ្ទះធ្វើឲ្យគាត់មិនមានភាពវ័យឆ្លាត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា អាស៊ានប៉ារាហ្គេម លើកទី៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កន្លងទៅ ថ្មីៗនេះ មានកីឡាករកីឡាការិនីខ្សោយបញ្ញាកម្ពុជា ចំនួន១០នាក់ ក្នុងចំណោមអត្តពលិកពិការចំនួន១០១ នាក់ បានចូលរួមប្រកួតលើ៣ប្រភេទកីឡាដូចជាអត្តពលកម្ម ហែលទឹក និងបាល់ទាត់ផងដែរ៕