ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) រដូវកាល​ឆ្នាំ​២០១៧ ​វគ្គ​​ជម្រុះ​​ដំណាក់​កាល​ទី៤ នឹង​បញ្ចប់​ការ​ប្រកួត​ជើង​ទី១ របស់​ខ្លួន​ហើយ​នៅ​ល្ងាច​ថ្ងៃសៅរ៍ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧ ​នេះ ដោយ​ក្រុម​ណាហ្គាវើល ត្រូវ​ជួប​ក្រុម​ខេត្ត​ស្វាយរៀង ហើយ​ក្រុម​បឹងកេត ប៉ះ​ខេត្ត​ឧត្តរមានជ័យ។

វគ្គ​ជម្រុះ​ជុំទី៤ នេះ​មាន​ក្រុម​​​ទាំង​អស់​ចំនួន​​៨គូ​ហើយ​​ក្រុម​ទាំង​នេះ​បាន​ចាប់​គូ​គ្នា ប្រកួត​​ចំនួន​២ជើង​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​ជុំទី៥ ក្នុង​វគ្គ៨ក្រុម​ចុងក្រោយ។

ចំណែក​លទ្ធផល​​​ផ្សេង​ទៀត​ក្នុង​ប្រកួត​ជុំទី៤នេះ​​ជើង​ទី១ ចំនួន​៦​គូ​កន្លង​មក​ឃើញ​ថា​​ក្រុម​ព្រះខ័នរាជស្វាយរៀង យក​ឈ្នះ​ក្រុម​ខេត្ត​កំពត ៨ទល់០ នៅ​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ហើយ​ក្រុម​ភ្នំពេញក្រោន យក​ឈ្នះ​ក្រុម​​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ៦ទល់០ ​លើ​ទីលាន​កីឡដ្ឋាន​ RSN ក្នុង​រាជធានី​​ភ្នំពេញ ស្រប​ពេល​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ យក​ឈ្នះ​ក្រុម​សូលទីឡូអង្គរ ៤ទល់១ នៅ​​លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ និង​​អាស៊ីអឺរ៉ុប ចាញ់​​ក្រុម​គីរីវង់សុខសែនជ័យ ២ទល់០ នៅ​​នៅ​ទីលាន​ជាមួយ​គ្នា។ ចំណែក​ក្រុម​​ក្រសួងការពារជាតិ បាន​យក​ឈ្នះ​​ក្រុម​ខេត្ត​ស្ទឹងត្រែង ៦ទល់០ លើ​ទីលាន​ស្តាត​ចាស់ ស្រប​ពេល​ក្រុម​ខេមបូឌានថាយហ្គឺរ បាន​ចាញ់​​ក្រុម​អគ្គីសនីកម្ពុជា ៣ទល់០ លើ​ទីលាន​ខេត្ត​សៀមរាប។

ចំពោះ​ជើង​ទី២ វិញ​នឹង​ធ្វើ​ធ្វើ​ឡើង​នៅ​២ថ្ងៃ​ផ្សេង​គ្នា​ដែរ​ដោយ​​ប្តូរ​ទាំង​ដី​គ្នា​វិញ ដោយ​ថ្ងៃ​ដំបូង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ហើយ​ថ្ងៃ​ទី២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា មុន​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​៨ក្រុម​ឡើង​ទៅ​ជុំទី៥។ តាម​គម្រោង​វគ្គ​៨ក្រុម​ចុងក្រោយ​នឹង​រៀបចំ​ចំនួន​២ជើង​ដែរ​ដោយ​ជើង​ទី១ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ហើយ​ជើង​ទី២​ធ្វើ​ឡើង​នៅ​ ២២​វិច្ឆិកា ខណៈ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៩​ខែ​វិច្ឆិកា និង​​ថ្ងៃ​ទី២ ខែ​ធ្នូ និង​ចុង​ក្រោយ​វគ្គ​ចំណាត់​ថ្នាក់​លេខ៣​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៧។

សូមរំលឹក​ថា​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០១៧​នេះ​មាន​ការ​ប្រកួត​ជា​៥ដំណាក់កាល​ដោយ​ប្រើពេល​ជាង​១០​ខែ ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ​មករា ដល់​ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ខណៈ​ការ​ប្រកួត​ដំណាក់កាលទី១ និង​ទី២ ជា​វគ្គ​ជម្រុះ​តាម​បណ្តារខេត្ត ហើយ​វគ្គ​ទី៣​ជា​ការ​ប្រកួត​រវាង​ក្រុម​ជើង​ខ្លាំង​តាម​ខេត្ត​ជួប​ក្រុម​លីគ​លំដាប់​ទី២ និង​ក្រុម​៤ក្រុម​បាត​តារាង​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ឆ្នាំ​ចាស់ ហើយ​វគ្គ​ទី៤ ជា​ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​ជាង​គេ​៦នៅ​ក្នុង​លីគ​ជាមួយ​ក្រុម​ខ្លាំង​មក​ពី​ជុំទី៣ និង​ចុង​ក្រោយ​ជុំទី៥ ជា​ការ​ប្រកួត​ចាប់​ពី​វគ្គ​៨ក្រុម​ចុងក្រោយ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕