ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី១២ ខែសីហា ខាងមុខនេះ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។
ប្រភពពីមន្ត្រីសារពត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអោយដឹងថា ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងចាកចេញពីមាតុប្រទេសនៅវេលាម៉ោង ១១:១០ នាទីព្រឹក និងគ្រោងទៅដល់ប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់។
គួរបញ្ជាក់ថា ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ នឹងត្រូវចូលរួមប្រកួតពានរង្វាន់ផ្លូវការ SEA Games 2017 ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដោយកម្ពុជាស្ថិតនៅពូល B ជាមួយ U-22 ថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ទីម័រខាងកើត និងហ្វីលីពីន។
ការប្រកួតបើកឆាកគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ និងគ្រោងនឹងបញ្ចប់វគ្គជម្រុះក្នុងពូលនៅថ្ងៃទី២៤ ខែដដែល៕