គ្រូបង្វឹកថ្នាលយុវជនកីឡាបាល់ទាត់ មកពីលីគកំពូលរបស់ប្រទេស Scotland នៅតំបន់អឺរ៉ុប ក្លឹប Celtic FC នៃចក្រភពអង់គ្លេស បានផ្តល់បទពិសោធន៍ ចែករំលែកបច្ចេកដល់ យុវជនថ្នាលបាល់ទាត់កម្ពុជា រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី៤ កក្កដា ឆ្នាំ២០១៧ ហើយកាលពីថ្ងៃទី៣០ ខែមិថុនាម្សិលមិញ នៅសណ្ឌាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ខណៈដែលអ្នករៀបចំកម្មវិធីនេះ បានរៀបចំឲ្យគ្រូបង្វឹកនៃក្លឹបមួយនេះបានជួបជុំជាមួយម្ចាស់ដៃគូឧបត្ថម្ភនានា និងសន្និសីទសារពត៌មាន។
ក្រុមគ្រូបង្វឹក Celtic FC ត្រូវបានគេអញ្ជើញបានជួយបណ្តុះបណ្តាលដល់យុវជនកម្ពុជានេះ គឺដើម្បីពង្រឹងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយមានកម្មវិធីជួបជុំកីឡាករជម្រើសជាតិ ក៏ដូចជាក្លឹបបាល់ទាត់អាជីពផ្សេងៗ ក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់បទពិសោធន៍បាល់ទាត់ដល់ពួកគេផងដែរ។
ចំពោះការចែករំលែកបទពិសោធន៍ពេញ១សប្តាហ៍នេះ គឺបានជួប ជាមួយក្រុមព្រះខ័នរាជស្វាយរៀងរួចហើយ នៅពហុកីឡដ្ឋានជាតិ, យុវជន អាយុក្រោម ១៥ឆ្នាំ នៅសាលាបាល់ទាត់បាទី។ នៅថ្ងៃទី១ កក្កដា ដល់ថ្ងៃទី៤ កក្កដា គឺជាការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់ នៅកីឡដ្ឋានជាតិ ជូនដល់ថ្នាលយុវជនបាល់ទាត់ពីក្មេង៥ឆ្នាំដល់៨ឆ្នាំ, ៩ឆ្នាំដល់១២ឆ្នាំ, ១៣ឆ្នាំដល់១៦ឆ្នាំ និងចាប់ពីអាយុ១៧ឆ្នាំឡើងលើ។ នៅថ្ងៃបន្ទាប់ នឹងបន្តជួយដល់ក្លឹប Cambodian Tiger នៅKMH Park និងក្លឹបភ្នំពេញក្រោនជាដើម។
គ្រូបង្វឹកថ្នាលក្រុម Celtic លោក Graham Diamond បញ្ជាក់ឲ្យដឹងថា ចំពោះការហ្វឹកហាត់របស់ក្មេងៗ គឺផ្នែកកម្លាំងមិនទាន់អាចឲ្យពួកគេហាត់បាន១០០% ដូចមនុស្សធំបានទេ ដូច្នេះប្រសិនបើយើងបន្ថែមការហ្វឹកហាត់លើផ្នែកបច្ចេកទេសឲ្យបានច្រើន ពួកគេនឹងអាចក្លាយជាក្មេងដែលមានសមត្ថភាពខ្ពស់ នាពេលខាងមុខ។ ហើយការបង្ហាត់ត្រូវផ្តោតសំខាន់ទៅលើការបញ្ជូនបាល់ ការគ្រប់គ្រង់បាល់ ការធ្វើចលនានៅលើទីលាន ការលើកបាល់ចូលតំបន់ប្រយុទ្ធ និងជាពិសេសការសុតបាល់បញ្ចូលទី។
នាយកគម្រោង Gateway Communication លោក Eric Lim មានប្រសាសន៍ថា ការមកដល់របស់ក្លឹបធំមកពីតំបន់អឺរ៉ុប Celtic FC នេះ ជាការសហការនូវរាល់ទំនួលខុសត្រូវសង្គម សម្រាប់ជនក្រីក្រ ដើម្បីថែទាំសុខភាព នឹងលើកកម្ពស់សមភាព លើកទឹកចិត្តដល់ការរៀនសូត្រ និងដោះស្រាយជីវភាពក្រីក្រ និងបង្កើនឱកាស ដើម្បីផ្លាស់ប្តូរជីវិតរស់នៅរបស់ប្រជាជនឲ្យកាន់តែប្រសើរ ទូទាំងពិភពលោក ហើយនៅក្នុងអំឡុងពេលមកកម្ពុជា ក្រុមគ្រូបង្វឹកថ្នាលក្លឹបរបស់ប្រទេស Scotland នេះ នឹងធ្វើទស្សនិកជាមួយអង្គការក្រៅរដ្ឋាភិបាលមួយ ដោយកីឡាបាល់ទាត់ជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីសិក្សាក្នុងការអភិវឌ្ឍ សង្គមទៀតផង ៕