ក្រុមកីឡាជិះសេះកម្ពុជាបានបញ្ចប់បេសកកម្មរបស់ខ្លួនហើយ និងបានឡប់មកមាតុភូមកម្ពុជាវិញកាលពីល្ងាចថ្ងៃទី២១ សីហានេះ ដោយឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដោយមានការទទួលស្វាគមន៍ពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា រួមទាំងមន្រ្តីកីឡាជាច្រើនរូបទៀត។
សម្រាប់អត្តពលិកកីឡាជិះសេះកម្ពុជា នេះគឺជាលើកទី៣ហើយ ដែលចូលរួមការប្រកួតកីឡាថ្នាក់តំបន់អាស៊ាននេះ និងដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Endurance រត់៨០គីឡូម៉ែត្រ ដែលជាវិញ្ញាសាថ្មីរបស់កម្ពុជា ខណៈការចូលរួមពីរលើកកន្លងមក មិនធ្លាប់លេងលើវិញ្ញាសានេះទេ។ ដោយឡែកស៊ីហ្គេមពីរលើកន្លងមក ក្រុមកីឡាជិះសេះកម្ពុជាធ្វើមិនល្អទេ ដោយលេងលើវិញ្ញាសាជិះសេះលោត និងដើរបង្ហាញ តែប៉ុណ្ណោះ។
ជាមួយនឹងការនាំយកមេដាយសំរឹទ្ធ ១គ្រឿងរបស់កីឡាជិះសេះមកជួនប្រទេសជាតិមុនគេនេះដែរ ក្រុមកីឡាបាល់ឪបកម្ពុជា ជាប្រភេទកីឡាមួយ ក្នុងចំណោម ២៤ប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចូលរូមការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ពួកគេធ្វើមិនល្អទេ និងបានត្រឡប់មកវិញជាមួយគ្នាផងដែរ។
សូមបញ្ជាក់ថា ប្រភេទកីឡាជិះសេះ លើវិញ្ញាសា Endurance រត់៨០គីឡូម៉ែត្រ នៅក្នុងការប្រកួតកីឡាស៊ីហ្គេមនេះ មានចំនួន ប្រទេស៥ចូលរួម ដោយក្នុងនោះមានប្រទេសសឹង្ហបុរី, ប្រទេសថៃ, ប្រទេសកម្ពុជា, ប្រទេសព្រុយណេ និងម្ចាស់ផ្ទះម៉ាឡេស៊ី។ ចំពោះលទ្ធផលវិញម្ចាស់ផ្ទះម៉ាឡេស៊ី ដណ្តើមបានមេដាយមាស ប្រទេសថៃដណ្តើមបានមេដាយប្រាក់ និងកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ៕