ក្រុមជម្រើសជាតិបាល់ទាត់ U22 កម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនហើយ ដោយទទួលរងបរាជ័យគ្រប់ការប្រកួតដែល ៦ប្រទេសក្នុងពូល A ខណៈមានប្រទេសមួយចំនួន៦ផ្សេងទៀត ដោយធ្លាក់ចេញ ពីវគ្គជម្រុះ ស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ដោយវគ្គវិលជុំក្នុងពូលទាំងពីរបានបញ្ចប់ជាស្ថាពរ កាលពីល្ងាចម្សិលមិញ ហើយក្រុមខ្លាំងៗចំនួន៤បានឡើតទៅប្រកួតបន្តការប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមកម្ពុជាធ្វើមិនបានល្អឡើយ ដោយឆ្លងកាត់៥ប្រកួត ចាញ់ទាំង៥ប្រកួត ដោយចាញ់ ហ្វីលីពីន ០ទល់២, ចាញ់ វៀតណាម ១ទល់៤, ចាញ់ថៃ ០ទល់៣, ចាញ់ទីម័រខាងកើត ០ទល់១ និង១ប្រកួតចុងក្រោយ កាលពីល្ងាច ម្សិលមិញ ចាញ់ក្រុមឥណ្ឌូណេស៊ី ដោយលទ្ធផល ០ទល់៣ សម្រាប់វគ្គជម្រុះក្នុងពូលB។

សម្រាប់លទ្ធផល ៣ប្រកួតចុងក្រោយ ក្នុងពូលB កាលពីវេលាម៉ោង៣ រសៀលម្សិលមិញ គឺក្រុមថៃបានយកឈ្នះវៀតណាម ដោយលទ្ធផល ៣ទល់០ ដោយលទ្ធផលនេះបានទម្លាក់ក្តីសង្ឃឹមវៀតណាម មិនឲ្យឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀតហើយ ហើយបានជួយជំរុញឲ្យឥណ្ឌូណេស៊ី ដែលយកឈ្នះក្រុមកម្ពុជា ២ទល់ ០ នោះ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជំនួសវិញ ខណៈ១ប្រកួតបង្គ្រប់កិច្ចរបស់ហ្វីលីពីន ឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ២ទល់១។

ដូច្នេះក្រុមការពារម្ចាស់ដំណែងជើងឯក រដូវកាលចាស់ ថៃ ដែលឈរនៅចំណាត់ថ្នាក់លេខ១ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ មាន១៣ពិន្ទុ ដោយ៥ប្រកួតរបស់ខ្លួន ឈ្នះ៤ប្រកួត និងស្មើ១ប្រកួត ខណៈចំណាត់ ថ្នាក់លេខ២ ក្រុមឥណ្ឌូណេស៊ី ក្នុងពូលB នេះ មាន១១ពិន្ទុ ដោយ៥ប្រកួត ឈ្នះ៣ប្រកួត និងស្មើ២ប្រកួត។

ចំណែកឯ ២ក្រុម ក្នុងពូល A ដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរនោះ គឺក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី ឈរនៅចំណាត់ថ្នាក់លេខ១ ជាមួយនឹង៤ប្រកួតរបស់ខ្លួន ឈ្នះទាំង៤ប្រកួត មាន១២ពិន្ទុ ហើយក្រុមលេខ២ ជើងឯករង រដូវកាលចាស់ ស៊ីហ្គេម ២០១៥ នៅសឹង្ហបុរី ក្រុមមីយ៉ាន់ម៉ា ឈរនៅចំណាត់ថ្នាក់លេខ២ ដោយមាន៩ពិន្ទ ពោលគឺ៤ប្រកួត ឈ្នះ៣ប្រកួត និងចាញ់១ប្រកួត។

​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ថៃ​ត្រូវ​ប៉ះ​ក្រុមមី​យ៉ាន់​ម៉ា ខណៈម្ចាស់ផ្ទះ ​ម៉ាឡេស៊ី​នឹងត្រូវប្រកួតជាមួយ​ឥណ្ឌូណេស៊ី​ នាថ្ងៃទី២៦ សីហា ស្អែកនេះ ហើយពីរក្រុមដែលឈ្នះៗនឹងត្រូវឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស នាថ្ងៃទី២៩ សីហា៕