ក្រុមជម្រើសជាតិអាយុក្រោម១៧ឆ្នាំកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយ ជម្រើសជាតិអាយុក្រោម១៧ឆ្នាំវៀតណាម នៅល្ងាចនេះ ក្នុងឱកាសអបអរខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ កម្ពុជា-វៀតណាម។

ការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ធ្វើឡើងនាកីឡដ្ឋានជាតិអូឡាំពិក ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈ ទូរទស្សន៍ BTV News ផងដែរ។

សំបុត្រចូលទស្សនាការប្រកួតមិត្តភាពអន្តរជាតិនេះ ចែកចេញជា២ ប្រភេទ តម្លៃ៖

  • ប្រភេទ ១ : តម្លៃ ១០,០០០៛ (តំបន់មានដំបូល)
  • ប្រភេទ ២ : តម្លៃ ៥,០០០៛ (តំបន់អត់ដំបូល)

គួរំលឹកផងដែរថា ក្រុមទាំង២ធ្លាប់ជួបគ្នាម្ដងរួចមកហើយកាលពីឆ្នាំ២០១៦ កន្លងទៅ ដែលនៅក្នុងកម្រិតអាយុក្រោម១៦ឆ្នាំ ជាលទ្ធផល U-17 វៀតណាម បានយកឈ្នះ U-17 កម្ពុជា ដោយលទ្ធផល ១ ទល់ ០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U-16 Championship ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕