រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ហង់ ជួន ណារ៉ុន បានចេញលិខិតផ្លូវការមួយច្បាប់ កាលពីពេលថ្មីៗនេះជម្រាបជូនដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ស្តីពីខ្លឹមសារដែលសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) សម្រេចផ្តល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលមានស្នាដៃ និងការដឹកនាំល្អជាង គេនៅទូទាំងពិភពលោក។
រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជាបានលើកយកខ្លឹមសារនៃលិខិតរបស់លោក Claude Asema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិនោះបន្ថែមទៀតថា FIPJP សូមអញ្ជើញប្រតិភូកម្ពុជាមួយក្រុមទៅទទួលពានរង្វាន់នេះ ក្នុងឱកាសបិទការប្រកួត ប្រចាំឆ្នាំ នាថ្ងៃទី១ កក្កដា ឆ្នាំ២០១៧ នៅទីក្រុង Marseille ប្រទេសបារំាង។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើរសុំឲ្យសម្តេចក្រឡាហោម ស ខេង រៀបចំជាគោលការណ៍ ដើម្បីចាត់តាំងតំណាងប្រតិភូ១រូប និងតំណាងក្រសួងអប់រំ ១រូប ទៅទទួលពានរង្វាន់នេះ នាថ្ងៃទី១ កក្កដា ខាងមុខ។
លោក សុម៉ៃ សុខគា អគ្គលេខាធិការរង សហព័ន្ធប៊ូល និងប៉េតង់កម្ពុជាបានឲ្យដឹងថា ប្រតិភូតំណាងកម្ពុជា ដែលគ្រោងនឹងចេញទៅទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ១ពិភពលោកនេះ គឺឯកឧត្តម ព្រហ្ម ឌិន អនុសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា និងឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។ តំណាងសហព័ន្ធរូបនេះបានសម្តែងនូវភាពរីករាយជាខ្លាំងដែលអន្តរជាតិបានផ្តល់នូវចំណាត់ថ្នាក់លេខ១ ផ្នែកកីឡាប៊ូល និងប៉េតង់ជូន ដល់ប្រទេសកម្ពុជា ដែលនេះជាមោទនភាព និងកិត្តិយសដ៏ធំធេងរបស់ជាតិទាំងមូល បន្ទាប់ពីកម្ពុជាដណ្តើមបាន មេដាយមាសពីព្រឹត្តិការណ៍ជើងឯកពិភពលោកជាច្រើនលើក កាលពីពេលកន្លងមក។
សូមបញ្ជាក់ថា សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា គឺជាសហព័ន្ធកីឡាជាតិ ដែលមានសក្តានុពលខ្លំាងបំផុត ក្នុងចំណោមប្រភេទកីឡាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ដោយធ្លាប់បានឈ្នះមេដាយមាសពីលើឆាកអន្តរជាតិ និងពិភពលោក ជាច្រើនលើក ដោយប៊ូល និងប៉េតង់កម្ពុជាបានកសាងកេរ្តិ៍ឈ្មោះ និងកិត្តិយសល្បីល្បាញផងដែរ៕