ខណៈបឹងកេតត្រូវធ្វើដំណើរទៅប្រកួតសប្ដាហ៍ទី១០នៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគ២០១៨ នៅផ្ទះវិសាខានាថ្ងៃអាទិត្យទី១៧ខែមិថុនា គ្រូបង្គោលបឹងកេត លោក ហៅ សុជាតិ មើលឃើញក្រុមវិសាខាជាគូប្រកួតដ៏តានតឹងមួយព្រោះក្រុមនេះដ្បិតថាទើបឡើងមកក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគរដូវកាលដំបូងមែនពិត តែមានកីឡាករល្អៗច្រើនប្រកបដោយគុណភាពនិងបទពិសោធ។

 

សប្ដាហ៍មុន បឹងកេត បានវាយបកយកឈ្នះភ្នំពេញក្រោន ៣-២ យ៉ាងតានតឹង ខណៈម្ចាស់ផ្ទះក្រោនមានកាតក្រហមម្នាក់ថែមទៀត។ សម្រាប់ចុងសប្ដាហ៍នេះ លោក សុជាតិ លើកឡើងថា វិសាខា នឹងជាគូប្រកួតតានតឹងមិនខុសពីក្រោនទេ ដែលទាមទារឱ្យក្រុមរបស់លោកត្រូវត្រៀមលក្ខណៈឱ្យកាន់តែល្អជាងសប្ដាហ៍កន្លងទៅ។

លោក សុជាតិ និយាយថា៖ “វិសាខា ចំណុចខ្លាំងរបស់ពួកគេគឺកីឡាករកូរ៉េខាងជើងទាំងអស់លេងបាល់ខ្លីបានល្អ ជាកីឡាករប្រកបដោយគ្រោះថ្នាក់រួមជាមួយកីឡាករវ័យក្មេង សាន គឹមហេង។ ខ្ញុំគិតថាការប្រកួតនេះពិតជាតានតឹ ព្រោះទី១យើងមិនដែលប៉ះវិសាខាទេមកទល់ពេលនេះ សូម្បីតែប្រកួតមិត្តភាពក៏មិនដែលប៉ះគ្នាដែរ។ មួយទៀត ពួកគេជាក្រុមចំណូលថ្មីមែន ប៉ុន្តែកីឡាកររបស់ពួកគេមួយចំនួនសុទ្ធតែជាកីឡាករមានបទពិសោធបូករួមទាំងកីឡាករកូរ៉េខាងជើងទៀត។ ដូច្នេះយើងត្រូវត្រៀមខ្លួនឱ្យបានល្អជាងសប្ដាហ៍មុន”។

សូមបញ្ជាក់ថាការប្រកួតរវាង វិសាខា និង បឹងកេត នឹងចាប់ផ្ដើមនៅម៉ោង៣រសៀលនៅថ្ងៃអាទិត្យនាកីឡដ្ឋានវេស្ទើន៕

ប្រភព & រូបភាព៖ CNCC