ខណៈដែលការព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី លើកទី៩ នៅប្រទេសម៉ាឡេស៊ី កាត់តែខិតជិតមកដល់ នាពាក់កណ្តាលខែសីហានេះ សហព័ន្ទកីឡាទាញព្រ័្រកម្ពុជាបានបង្កើនការហ្វឹកហាត់ដល់ក្រុមកីឡាករជម្រើសជាតិរបស់ខ្លួនយ៉ាងសកម្មជាងរៀងរាល់ថ្ងៃ ឲ្យបានកាន់តែល្អប្រសើរលើផ្នែកបច្ចេកទេស ដោយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ សហព័ន្ធបានរៀបចំការប្រកួតកម្តៅសាច់ដុំ នៅក្នុងពិធីតាំងពិពណ៍ ស្ថិក្នុង ខណ្ឌជ្រោយចង្វារ។
ក្រុមកីឡាទាញព្រ័ត្រជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានរៀបចំការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ដោយមានកីឡាករ-កីឡាការិនី ៤ក្រុមចូលរួម ដើម្បីវាស់ស្ទង់សមត្ថភាព និងបង្កើននូវបច្ចេកទេសរបស់ពួកគេឲ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម មាស សារិន មានប្រសាសន៍ថា ទោះបីជានេះលើកដំបូង ដែលប្រភេទកីឡាទាញព្រ័ត្រកម្ពុជា ត្រៀមចូលរួមប្រកួតជ្រើសរើសជើងឯកទ្វីបអាស៊ី ក្ដី ប៉ុន្ដែកីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវព្យាយាមហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីបង្កើនសមត្ថភាពក្នុងការត្រៀមស្វែងរកជ័យជម្នះ និងដណ្ដើមកិត្តិយសជូនជាតិ។ ទន្ទឹមនឹងការចង់បានជ័យជម្នះជារឿងសំខាន់ កីឡាករ-កីឡាការិនីម្នាក់ៗ ដាច់ខាតត្រូវគោរពបញ្ជាការប្រកួតជារឿងសំខាន់ផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៧នេះ ក្រុមកីឡាទាញព្រ័ត្រកម្ពុជានឹងចេញដំណើរទៅចូលរួមនៅថ្ងៃទី១០ ខែសីហា ហើយត្រឡប់មកវិញ នៅថ្ងៃទី១៣ ខែសីហាដោយកម្ពុជានឹងប្រកួតលើវិញ្ញាសាបុរសលើអាយុ ២៣ឆ្នាំ ក្នុងប្រភេទទម្ងន់ ៦៤គីឡូក្រាម៕