លោក Mads Davidsen នាយកបច្ចេកទេសក្លិប Shanghai SIPG បាននិយាយថាកីឡាករ Arjen Robben និងFranck Ribery ហួសពេលហើយក្នុងការមកលេងនៅលីគប្រទេសចិន។
Ribery ៣៤ឆ្នាំ និង Robben ៣៣ឆ្នាំ ជាកីឡាករលំដាប់ពិពភលោកកាលពី១០ឆ្នាំមុន ប៉ុន្តែពេលនេះលោក Davidsen ជឿជាក់ថាក្លិបនៅចិនពុំមានការចាប់អារម្មណ៍អ្វីទៀតឡើយសម្រាប់កីឡាកររបស់ក្លិប Bayern Munich ទាំង២រូបនេះបើគិតទៅតាមអាយុនាពេលបច្ចុប្បន្ន។
នាយកបច្ចេកទេសដដែលស្នើសុំអោយក្លិបនៅ CSL ទាំងអស់ចាយលុយអោយប្រសិទ្ធភាពដើម្បីងាយស្រួលក្នុងការទាក់ទាញបាននៅកីឡាករក្មេងៗមកលេងនៅតំបន់អាសុីខាងកើត។
« វាជាការយល់ច្រឡំធ្វើអោយខ្ញុំខឹង នៅពេលកីឡាករលេងនៅតំបន់អឺរ៉ុបជឿជាក់ថារូបគេអាចផ្លាស់មកលេងនៅចិនពេលណាក៏បាន។ ស្ថានភាពបែបនេះបានតែ៣ រឺ៤ឆ្នាំមុននោះទេ ប៉ុន្តែបច្ចុប្បន្នហួសពេលហើយ »។ សម្តីរបស់លោក Mads Davidsen។
« Ribery យើងធ្លាប់បានទាក់ទងមកលេងនៅចិនកាលពី ២ រឺ៣ឆ្នាំមុន ប៉ុន្តែកាលៈទេសៈនាពេលបច្ចុប្បន្នក្លិបដូចជា Shanghai SIPG មិនចុះកិច្ចសន្យាជាមួយគាត់ រឺ Robbern ទៀតឡើយ »
« ហេតុអ្វីក្លិបនៅចិនចាំបាច់ចុះកិច្ចសន្យាជាមួយកីឡាករវ័យ៣៣ រឺ៣៤ឆ្នាំ នៅពេលដែលមានកីឡាករឆ្នើមវ័យត្រឹម២៧ឆ្នាំដូចជា Axel Witsel រឺ Alex Teixeira រឺ Oscar ត្រឹម២៥ឆ្នាំ? »
« Ribery និង Robben បានបាត់បង់ឱកាសក្នុងការមកលេងនៅចិន ហើយយើងក៏ពុំមានចំណាប់អារម្មណ៍ចង់បានទៀតដែរ »
កីឡាករដូចជា Carlos Tevez, Oscar, Hulk, Alexandre Pato, Ramires និង Axel Witsel គឺជាតារាកំពុងលេចធ្លោនៅលីគកំពូលចិនជាមួយការលេងដ៏ល្អ បន្ទាប់ពីត្រូវបានចុះកិច្ចសន្យាតម្លៃខ្លួនថ្លៃៗ។