ខ្សែប្រយុទ្ធមីយ៉ាន់ម៉ាកីឡាករ Aung Thu បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជាមួយក្លឹប Police Tero ក្នុងឆ្នាំនេះ នៃលីកកំពូលថៃ ប៉ុន្តែឆាប់ៗនេះរូបគេនឹងចូលរួមជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ាលេងក្នុងពានរង្វាន់ AFC Asian Cup 2019 ២ប្រកួតដែលនៅសល់បន្តទៀត។
ក្រុមមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ នឹងត្រូវជួប កៀហ្ស៊ីស៊ីស្ថាន ក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍។ ជ័យជម្នះលើក្រុមមកពីអាស៊ីកណ្ដាលមួយនេះ អាចធ្វើឲ្យមីយ៉ាន់ម៉ាមានសង្ឃឹមកាន់តែខ្ពស់ ខណៈការប្រកួតក្រោយបំផុតត្រូវជួបក្រុមម៉ាកាវ៥ថ្ងៃបន្ទាប់ ដើម្បីធ្វើយ៉ាងណាឡើងទៅលេងក្នុងពានធំបំផុតនៅអ្វីអាស៊ីលើកដំបូងចាប់ពីឆ្នាំ១៩៦៨មក។
ក្នុងបទសម្ភាសន៍មួយរបស់គេហទំព័រ AFC ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះបាននិយាយដូច្នេះ៖”
“យើងត្រូវតែប្រុងប្រយ័ត្នក្នុងការប្រកួតដំបូងជាមួយ កៀហ្ស៊ីស៊ីស្ថានមុនពេលយើងគិតពីការប្រកួតជាមួយម៉ាកាវក្នុងផ្ទះរបស់យើង។ប៉ុន្តែខ្ញុំជឿថាមីយ៉ាន់ម៉ាគឺល្អគ្រប់គ្រាន់ដើម្បីឈ្នះទាំងពីរប្រកួតហើយយើងនឹងលេងឲ្យបានល្អបំផុតៗ”។
“ មនុស្សគ្រប់គ្នានៅឯផ្ទះកំពុងលើកទឹកចិត្តយើងពីចម្ងាយ។វាពិតជាកិត្តិយសខ្លាំងណាស់ដែលលេងឲ្យជម្រើសជាតិហើយនឹងអស្ចារ្យដែលអាចនាំយកលទ្ធផលល្អទៅឲ្យអ្នកគាំទ្រមីយ៉ាន់ម៉ា”៕
ប្រភពនិងរូបភាព៖ AFC