សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បង្ហាញបំណងចង់បានអាជ្ញាកណ្ដាលជាជនជាតិបរទេស ដើម្បីមកធ្វើអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងលីគកំពូលរបស់ខ្លួន 2017 Liga 1 ចាប់ពីជើងទី ២ តទៅ។

បើតាមអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី  លោក Ratu Tisha Destria បាន បង្ហើបថាការចង់បានអាជ្ញាកណ្ដាលជាជនជាតិបរទេស ដើម្បីមកធ្វើអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងលីគកំពូលរបស់ខ្លួន 2017 Liga 1 កំពុងស្ថិតក្នុងដំណើរការរដ្ឋបាល។

អគ្គលេខាធិការដដែលរូបនេះបានបន្តថា PSSI កំពុងចរចារជាមួយសហព័ន្ធកីឡាបាល់ទាត់ចំនួន១០ ដែលស្ថិតក្រោមកម្មវិធីរបស់ FIFA ខណៈអគ្គលេខាធិការរូបនេះរំពឹងថា រឿងរ៉ាវច្បាស់ការ នឹងត្រូវបង្ហាញនៅថ្ងៃទី០២ ខែសីហា ខាងមុខនេះ។

យ៉ាងណាមិញ កញ្ញា Tisha ក៏បានកំណត់ឈ្មោះអាជ្ញាកណ្តាលដែលជាគោលដៅដើម្បីបម្រើនៅក្នុងប្រទេសឥណ្ឌូនេស៊ី ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញចំនួនអាជ្ញាកណ្ដាលដែលត្រូវនាំយកមក គឺប្រហែលជា៣នាក់បូករួមទាំងជំនួយការអាជ្ញាកណ្ដាល។

ការប្រើប្រាស់អាជ្ញាកណ្ដាលបរទេសត្រូវបានគេរំពឹងថានឹងធ្វើឱ្យការប្រកួតប្រជែងខ្ពស់បំផុតនៅក្នុងកីឡាបាល់ទាត់នៅឥណ្ឌូណេស៊ី ដើម្បីអោយកាន់តែមានភាពថ្លៃថ្នូរ និងគ្មានការមិនពេញចិត្តក្នុងការដឹកនាំការប្រកួតរាល់សប្តាហ៍៕

 

 

រូបភាព: netralnews.com