រាជរដ្ឋាភិបាលថៃ នឹងត្រូវចំណាយថវិកាជាតិប្រមាណជាង១២០លានបាត ទៅដល់អត្តពលិកដែលទើបតែឈ្នះមេដាយ ទាំងមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ នៅប្រទេសម៉ាឡេស៊ី។
អត្តពលិកថៃ បានពាំនាំមេដាយត្រលប់មកផ្ទះវិញ ជាមួយនឹងមេដាយមាស៧២គ្រឿង ប្រាក់៨៦ និងសំរឹទ្ធ៨៨ ពីព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលទើបតែបញ្ចប់កាលពីថ្ងៃពុធ។
ស្ថិតនៅក្រោមគម្រោងប្រាក់រង្វាន់ពី គណៈកម្មាការអភិវឌ្ឍកីឡាថ្នាក់ជាតិរបស់រដ្ឋាភិបាល សម្រាប់អត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games ជើងឯកមួយនឹងទទួលបានប្រាក់ ២០០,០០០ បាត មេដាយប្រាក់ ១០០,០០០ បាត និងមេដាយសំរឹទ្ធ ៥០,០០០ បាត ខណៈគ្រូបង្វឹក និងសមាគមកីឡាដែលទទួលបានជោគជ័យក៏នឹងទទួលបានប្រាក់រង្វាន់ដាច់ដោយឡែកផងដែរ។
ជាសរុប គណៈកម្មាការអភិវឌ្ឍកីឡាថ្នាក់ជាតិ នឹងត្រូវចំណាយទឹកប្រាក់រហូតដល់១២៤លានបាត គិតជាដូល្លាប្រហែល ៣,៧៣៨,០០០ ដូល្លារ។
ជាមួយគ្នានេះផងដែរ ជាទូទៅអត្តពលិកដែលទទួលជោគជ័យ ក៏នឹងទទួលបានថវិកាបន្ថែមពីសហព័ន្ធ ឬសមាគមន៍កីឡារបស់ខ្លួន រៀងៗខ្លួនផងដែរ។
យ៉ាងណាមិញ ការប្រគល់ប្រាក់រង្វាន់ដល់អត្តពលិកដែលស្ថិតក្រោមការចូលរួមពី លោកនាយរដ្ឋមន្រ្តី Prayut Chan-o-cha នៅមិនទាន់បានបង្ហាញនៅឡើយទេ។
គួររំលឹកថា អត្តពលិកថៃ រកបានមេដាយសរុបចំនួន២៤៦គ្រឿង ក្នុងនោះមេដាយមាស៧២គ្រឿង ប្រាក់៨៦ និងសំរឹទ្ធ៨៨ ឈរនៅលេខ២បន្ទាប់ពីម្ចាស់ផ្ទះ ម៉ាឡេស៊ី រកមេដាយមាសបានរហូតដល់១៤៥គ្រឿង ប្រាក់៩២ និងសំរឹទ្ធ៨៦ សរុប៣២៣មេដាយ ដែលជាកំនត់ត្រាថ្មីបំផុត និងល្អជាងគេសម្រាប់អត្តពលិករបស់ម៉ាឡេស៊ី នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games នេះចាប់តាំងពីចាប់ផ្ដើមនៅឆ្នាំ១៩៥៩មក៕