ម្ចាស់មេដាយសញ្ជាតិបរទេសមួយរូប ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games 2017 នៅទីក្រុងគូឡាឡាំ ប្រទេសម៉ាឡេស៊ី ត្រូវបានធ្វើតេស្តឃើញមានភាពវិជ្ជមានលើការប្រើប្រាស់សារធាតុហាមឃាត់។

អគ្គលេខាធិការក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី (OCM) លោកស្រី Datuk Low Beng Choo បានបញ្ជាក់ថាពួកគេបានទទួលការជូនដំណឹង ដោយប្រធានគណៈកម្មាធិការឱសថ និងប្រឆាំងគ្រឿងញៀន នៃព្រឹត្តិការណ៍កីឡា SEA games អំពីរឿងនេះ។

ស្ទើរតែគ្រប់អត្តពលិកដែលឈ្នះមេដាយទាំងអស់ ក្នុងកំឡុងពេលប្រកួតសុទ្ធតែត្រូវបានធ្វើតេស្តសាកល្បង។

លោកស្រី Beng Choo បាននិយាយថា៖ «យើងមិនអាចផ្តល់ព័ត៌មានលំអិតបានទេ ប៉ុន្តែខ្ញុំអាចបញ្ជាក់បានថាយើងបានរកឃើញករណីប្រើសារធាតុហាមឃាត់លើកដំបូង»។

«យើងខកចិត្តដោយសារតែយើងចង់ឱ្យព្រឹត្តិការណ៍នេះមិនមានការលួចបន្លំប្រើសារធាតុញៀន (សារថាតុហាមឃាត់ ឬប៉ូវកម្លាំង )។ យើងអាចបញ្ចេញព័ត៌មានបានបន្ទាប់ពីធ្វើតាមនីតិវិធីត្រឹមត្រូវទាំងអស់»។ លោកស្រីបន្ថែម។

លោកស្រីវេជ្ជបណ្ឌិតដដែលរូបនេះក៏បានបន្ត៖ «អ្វីដែលយើងដឹងគឺថាអត្តពលិកដែលឈ្នះមេដាយត្រូវបានធ្វើតេស្តជាវិជ្ជមានចំពោះសារថាតុហាមឃាត់ដែលមានមូលដ្ឋានលើគំរូ ប្រភេទ A។ អត្តពលិកនេះនឹងត្រូវស្នើសុំគំរូប្រភេទ B ហើយសវនាការនឹងត្រូវធ្វើឡើងបន្ទាប់ពីនោះ»។

គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ហៅកាត់ថា ( SEA Games ) ដែល​ម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ការប្រកួតជាផ្លូវការតាំងពីថ្ងៃទី៣១ ខែសីហា ជាលទ្ធផលម៉ាឡេស៊ី គឺជាក្រុមដែលធ្វើបានល្អជាងគេដោយឈ្នះមេដាយមាសរហូតដល់១៤៥ ដាច់ក្រុមលេខ២ថៃ ជាងពាក់កណ្ដាល ព្រឹត្តិការណ៍នេះ អត្តពលិកដែលមកពីប្រែទេសទាំង១១សុទ្ធតែអាចរកបានមេដាទាំងអស់ ( មាស ប្រាក់ និងសំរឹទ្ធ)៕

 

 

 

រូបភាព: The Star Online

ប្រភព: thestar