ពានរង្វាន់​ជើង​ឯក​យុវនារី​បាល់ទាត់​តំបន់​អាស៊ាន (AFF U15 Woman Championship 2017) ​ដែល​រៀបចំ​ក្នុង​ទីក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ បាន​ធ្វើដំណើរ​ដល់​​ប្រកួត​ថ្ងៃ​ចុងក្រោយ​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧ នេះ​ដោយ​ក្រុម​យុវនារី​ក្រោម​អាយុ​១៥​ឆ្នាំ (U-15) របស់​កម្ពុជា ជួប​ក្រុម​មីយ៉ាន់ម៉ា ក្នុង​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣ ហើយ​ក្រុម​ហ្វីលីពីន ត្រូវ​ជួប​ក្រុម​ថៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

សរុប​លទ្ធផល​សរុប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នាពេល​កន្លង​មក​​ក្រុម​កម្ពុជា បាន​ចាញ់​ក្រុម​ថៃ ៦ទល់០ ហើយ​ក្រុម​ហ្វីលពីន បាន​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា ៣ទល់២។ ចំពោះ​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​​លេខ៣ រវាង​ក្រុម​ចាញ់​និង​ចាញ់​ គឺ​កម្ពុជា និង​មីយ៉ាន់ម៉ា ត្រូវ​ជួប​គ្នា​នៅ​វេលា​ម៉ោង​៤រសៀល ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ថៃ និង​ហ្វីលពីន នៅ​វេលា​ម៉ោង​៦:៣០នាទី​ល្ងាច។

ពានរង្វាន់​នេះ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន (AFF) ដោយ​មាន​ក្រុម​ចំនួន​៩ ចូលរួម ចាប់​ប្រកួត​ពីថ្ងៃទី៨ ដល់២០ ខែឧសភា ឆ្នាំ២០១៧ នៅកីឡដ្ឋាន KM16​ Stadium ខណៈ​ការ​ប្រកួត​បែងចែក​ជា​ដំណាក់កាល​វគ្គ​ជម្រុះ​តាម​ពូល វគ្គ​ពាក់កណ្ដាល​​​ផ្តាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ។ ការ​ប្រកួត​សម្រាប់​នារី​នេះ​តម្រូវ​ឱ្យ​ប្រើ​រយៈពេល​៤០នាទីចំនួន២ លើក​ដើម្បី​ប្រកួត​យក​ឈ្នះ​ចាញ់។ ក្រុម​ទាំង​២ពូល​មាន​ពូល A​​មាន​ម្ចាស់​ផ្ទះ​ឡាវ, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និង​វៀតណាម ហើយ​ពូល B មាន​កម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន។

បើ​និយាយ​តែ​លទ្ធផល​របស់​ក្រុម​កម្ពុជា​ គឺ​ប្រកួត​បើក​ឆាក​ពូល B ឈ្នះ​សិង្ហបុរី ២ទល់១ ហើយ​ប្រកួត​បន្ទាប់​ចាញ់​ហ្វីលីពីន ៣ទល់០ និង​បន្ត​ស្មើ​ជាមួយ​ឥណ្ឌូណេស៊ី ១ទល់១ ខណៈ​ជំនួប​ចុងក្រោយ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចាញ់​ថៃ ៦ទល់០។ លោក មាស សំអឿន អតីត​គ្រូ​បង្វឹក​របស់​ក្រុម​បៀលប្រាយយូណាយធីត វេស្ទើនភ្នំពេញ និង​ក្រុម​មជ្ឍមណ្ឌល​កំចាត់មីន​កម្ពុជា ត្រូវ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា តែងតាំង​ឱ្យ​​ដឹកនាំ​ក្រុម​បាល់ទាត់នារី​របស់​កម្ពុជា។ លោក​ធ្លាប់​មាន​បទពិសោធន៍​សិក្សា​វគ្គ​គ្រូ​បង្វឹក​បាល់ទាត់​នារី ហើយ​ធ្លាប់​​បាន​ដឹកនាំ​ក្រុម​បាល់ទាត់ U-14 របស់​កម្ពុជា ចេញ​ទៅ​ប្រកួត​នៅ​​ប្រទេស​ជប៉ុន និង​ប្រទេស​ឡាវ កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ​ផង​ដែរ។

សម្រាប់​កីឡា​ការិនី ដែល​​ធ្វើ​ដំណើរ​ទៅ​ប្រកួត​​ជាមួយ​ក្រុម​​មាន​ចំនួន​២៣​នាក់​​ដូចជា ថុល ពិសី, ភឺន ស្រីល័ក្ខ, ជឿន គានី, មូល ស្រីផែ, លឹម សុជា, ជុំ សុរី, ឆន ស្រីនីត, យ៉ន សោភ័ណ្ឌរស្មី, ផឹម ស៊ីនិត, ទី សំណាង, ហ៊ា ស្រីឡាស់, ញ៉ ស្រីណែត, ពឿន គន្ធា, កឿន សុកេនីត,ហឿង សារិ, នន មិនា, ពេជ យូឈុនអ៊ី, កយ មួយកញ្ញា, សំរ៉ិត និមល, ចាន់ ធីន, ចាយ ស្រីលាប, ជិន សូវៀត និង វៃ ស្រីទូច។

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន ធ្លាប់​បាន​បង្កើត​ពានរង្វាន់​បាល់ទាត់​នារី U-13, U-14, U-15 និង​ឈុត​ធំ​ដាក់​ឱ្យ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ប្រកួត​ប្រជែង ខណៈ​កម្រិត U-15 នេះ​ខាន​រៀបចំ​តាំង​ពី​ឆ្នាំ​២០០៩ មក​ម៉្លេះ ដោយ​កាល​នោះ​ក្រុម​អូស្រ្តាលី ឈ្នះ​ជើង​ឯក​ក្រោយ​​យក​ឈ្នះ​លើ​ក្រុម​ថៃ ដោយ​លទ្ធផល ៨ទល់០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុម​វៀតណាម ឈ្នះ​បាន​លេខ៣ ក្រោយ​បំបាក់​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា A ដោយ​លទ្ធផល ៣ទល់០៕

រូបថត៖ FFC