ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំ នៅក្នុងតំបន់អាស៊ាន១១ក្រុម នឹងត្រូវត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-16 Championship 2018 វគ្គជម្រុះតាមពូលរៀងៗខ្លួន នៅក្នុងខែកញ្ញានេះ ដើម្បីដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយ។
ក្រុមទាំង១១រួមមាន ព្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, សិង្ហបុរី, ថៃ, វៀតណាម និង ទីម័រខាងកើត។
ត្បិតរួមតំបន់ជាមួយគ្នា ប៉ុន្តែក៏មានប្រទេសខ្លះស្ថិតនៅរួមពូលជាមួយគ្នាផងដែរ ជាក់ស្ដែង ថៃ, ឡាវ, ទីម័រខាងកើត និងឥណ្ឌូនេស៊ី ស្ថិតនៅពូល G ជាមួយគ្នា។ មីយ៉ាន់ម៉ា និងហ្វីលីពីន ស្ថិតនៅពូល H រួមគ្នាផងដែរ ខណៈមួយពូលទៀតនៅក្នុងពូល I វៀតណាម រួមពូលជាមួយ កម្ពុជា និងចុងក្រោយ សិង្ហបុរី រួមពូល J ជាមួយ ម៉ាឡេស៊ី ស្របពេលដែល ព្រុយណេ ស្ថិតនៅពូល F ដាច់ដោយឡែកតែឯង។
តាមគម្រោងការប្រកួតនៅក្នុងវគ្គជម្រុះនេះ មានពូលខ្លះ ( ពូល F និងពូល G ) ចាប់ផ្ដើមប្រកួតពីថ្ងៃស្អែកទៅ ( ថ្ងៃទី១៦ រហូតដល់ថ្ងៃទី ២០ ខែកញ្ញា ) ពូលខ្លះទៀត ( ពូល I និងពូល J ) ចាប់ផ្ដើមប្រកួតពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា និងមាន១ពូល ( ពូល H ) ចាប់ផ្ដើមប្រកួតនៅថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ផងដែរ។
ជាមួយគ្នានេះផងដែរ មានប្រទេស៣ក្នុងតំបន់ដែលទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅក្នុងវគ្គជម្រុះនេះ រួមមាន ថៃ, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។
សមាសភាពក្រុម និងពូលនៃប្រទេសទាំង១១:
- ពូល F: ចិនតៃវ៉ាន ធ្វើជាម្ចាស់ផ្ទះ
- ពូល G: ថៃ ធ្វើជាម្ចាស់ផ្ទះ
- ពូល H: មីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ
- ពូល I: ម៉ុងហ្គោលី ធ្វើជាម្ចាស់ផ្ទះ
- ពូល J: ឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះ ( ទឹកដីកណ្ដាល )
គួរបញ្ជាក់ថា វគ្គជម្រុះនេះនឹងត្រូវជ្រើសរើសយកក្រុមលេខ១ ប្រចាំពូលទាំង១០ បូករួមជាមួយក្រុមលេខ២ល្អចំនួន៥ក្រុមទៀត និងម្ចាស់ផ្ទះម៉ាឡេស៊ី សរុប១៦ប្រទេស ដើម្បីមានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០១៨ ខាងមុខនេះ៕
រូបភាព: theafc