ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម (Sea Games) ឆ្នាំ​២០១៧ នៅ​មិនទាន់​បើក​ឆាក​ជា​ផ្លូវការ​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​មាន​វិញ្ញាសារ​កីឡា​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ប្រកួត និង​រក​អ្នក​ឈ្នះ​អ្នក​ចាញ់​ឃើញ​ហើយ។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ នេះ​​ក្រុម​អត្តពលិក​ទៅ​ពី​ប្រទេស​កម្ពុជា រក​បាន​មេដាយ​​សំរឹទ្ធ​ចំនួន២គ្រឿង​ហើយ ស្រប​ពេល​ម្ចាស់​ផ្ទះ​រក​បាន​មេដាយ​​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១០គ្រឿង។

 

 

សរុប​មេដាយត្រឹម​ថ្ងៃព្រហស្បត្តិ៍នេះ

 

ចំពោះ​កម្ពុជា រក​មេដាយ​បាន​​មេដាយ​សំរឹទ្ធ​ចំនួន​២គ្រឿង លើ​ប្រភេទ​កីឡា​សីឈិនឡូន-Chinlone (សី​មួយ​ប្រភេទ​មាន​ប្រភព​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា) លើ​វិញ្ញាសា Chinlone Event 4 និង​Chinlone Event 1។ ចំពោះ​វិញ្ញាសា​Chinlone Event 4 មេដាយ​មាស​បាន​ទៅថៃ មេដាយ​ប្រាក់​បាន​ទៅ​ម៉ាឡេស៊ី ខណៈ​កម្ពុជា និង​ប្រ៊ុយណេ ឈ្នះ​មេដាយ​សំរឹទ្ធ។ កីឡាករ​កម្ពុជា ដែល​រក​បាន​មេដាយ​នេះ​មាន​កីឡាករ Cheat Khemrin, Chhorn Sokhom, Heng Rawut, Nang Sopheap, Riem Sokphirom, Sopheak Johnny, Troeng Ly, Ung Narith។

ចំណែក​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ Chinlone Event 1 វិញ​មេដាយ​មាស​ បាន​ទៅ​ម្ចាស់​ប្រភព​កីឡា​គឺ​មីយ៉ាន់ម៉ា ហើយ​ឡាវ ឈ្នះ​មេដាយ​ប្រាក់ ខណៈ​កម្ពុជា និង​ម៉ាឡេស៊ី ឈ្នះ​មេដាយ​សំរឹទ្ធ។ កីឡាករ​ទាំង​៨រូប​ខាង​លើ​ជា​អ្នក​នាំ​មេដាយ​លើ​វិញ្ញាសា​នេះ​ផង​ដែរ។

ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧ នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៩ ខែ​សីហា ហើយ​បិទ​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣០​ខែ​សីហា ឆ្នាំ២០១៧ ខណៈ​វិញ្ញាសារ​កីឡា​មួយ​ចំនួន​ប្រកួត​មុន​ថ្ងៃ​បើក​ឆាក​មក​ដល់។ ស៊ីហ្គេម​ឆ្នាំ​នេះ​រំពឹង​ថា​​អត្តពលិក​ចំនួន​៤៨៨៨នាក់​នឹង​ចូលរួម​ប្រកួត​ប្រជែង ក្រោម​ពាក្យ​ស្លោក​ថា « Rissing Together»។ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ដាក់​​កីឡា​​ចំនួន​៣៨​ប្រភេទ មាន​៤០៥ វិញ្ញាសា នឹង​ដាក់​ឱ្យ​អត្តពលិក​ប្រមាណ​ជា​៤៨៨៨នាក់ មក​ពី​ប្រទេស​ជា​សមាជិក​ទាំង​១១​ចូលរួម​ប្រកួតប្រជែង៕