យោងតាមការចេញផ្សាយរបស់សារពត៌មានក្នុងស្រុករបស់វៀតណាម បានអោយដឹងថា អត្តលិកដែលទទួលបានលទ្ធផលល្អពីការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games នៅប្រទេសម៉ាឡេស៊ី នឹងទទួលបានការលើកទឹកចិត្តដ៏ពិសេសសមាជិកគ្រួសាររបស់ខ្លួន ពីក្រុមហ៊ុនឯកជនក្នុងស្រុកមួយ តាមរយៈការផ្ដល់ការងារអោយធ្វើ។

សំណេរនៅក្នុងសារពត៌មានដដែល បានអោយដឹងថា អត្តលិកដែលធ្វើបានលទ្ធផលល្អពីការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩នេះ នឹងទទួលបានការលើកទឹកចិត្តដ៏ពិសេសពីក្រុមហ៊ុន Pha Lê Plastics JSC ដែលទើបតែចុះអនុស្សារណៈយោគយល់គ្នា កាលពីពេលថ្មីៗនេះ។

អត្តពលិកចំនួនដែលធ្វើបានល្អបំផុត ចំនួន១៥រូប លើគ្រប់ប្រភេទវិញ្ញាសារទាំងអស់នឹងទទួលបានរង្វាន់ដ៏ពិសេសនេះ រួមមានមេដាយមាស អត្តពលិកដែលឆ្នើម និងកីឡាករបាល់ទាត់ដែលលេចធ្លោជាងគេ។

ប្រធានក្រុមហ៊ុនខាងលើបានលើកឡើងថា ក្រុមហ៊ុនសន្យាថានឹងជ្រើសរើសសមាជិកគ្រួសាររបស់កីឡាករដែលធ្វើបានល្អបំផុតពីព្រឹត្តិការណ៍នេះ ដើម្បីចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោកទៅតាមជំនាញវិជ្ជាជីវៈរៀងៗខ្លួន។

គួរបញ្ជាក់ថា វៀតណាម នឹងបញ្ជូនអត្តពលិកចំនួន៦៨១ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕

 

 

 

រូបភាព: thethaovietnam.vn