ក្រុមបាល់ទាត់ជម្រើសជាតិឡាវឈុតធំ បានត្រលប់មកប្រមូលផ្ដុំហ្វឹកហាត់លើកដំបូងជាមួយនឹងសមាសភាពកីឡាករពេញលេញហើយ ដើម្បីត្រៀមប្រកួតបាល់ទាត់លក្ខណៈមិត្តភាពចំនួន២ប្រកួតនៅក្នុងខែតុលាខាងមុខនេះ ក្រោយក្រុមជម្រើសជាតិនៃប្រទេសមួយនេះបាត់មុខពីពិភពបាល់ទាត់ជិត១ឆ្នាំរួចមក។
នៅចាំបានថាកាលពីជាង ១១ ខែពោលគឺនៅខែវិច្ឆិកា ឆ្នាំ២០១៦ គឺជាខែចុងក្រោយដែលជម្រើសជាតិឡាវមានការប្រកួតផ្លូវការនៅលើឆាកអន្តរជាតិ ពោលគឺកាលគ្រានោះ ប្រកួតក្នុងពានរង្វាន់ 2016 AFC Solidarity Cup ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។
យ៉ាងណាមិញកាលបីជាង៤ខែមុនក្រុមជម្រើសជាតិឡាវ ក៏បានធ្វើការប្រកួតមិត្តភាពជាមួយ ប្រទេសអារ៉ាបរួម ផងដែរ ប៉ុន្តែគ្រានោះកីឡាករទាំងអស់សុទ្ធសឹងតែជាយុវជនអាយុក្រោម២២ឆ្នាំ ដែលត្រៀមប្រកួតក្នុងពានរង្វាន់២ រួមមាន AFC U-23 Championship វគ្គជម្រុះ និងព្រឹត្តិការណ៍កីឡា SEA Games 2017។
បែបនេះក្ដីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ ក្រុមជម្រើសជាតិទាំងមូល ក្រោមការដឹកនាំរបស់ Mike Wong ដែលជាគ្រូបង្វឹកមានសញ្ជាតិសិង្ហបុរី បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជាលើកដំបូងជាមួយនឹងសមាសភាពកីឡាកររាមច្បងមួយចំនួន ដើម្បីត្រៀមប្រកួតមិត្តភាពចំនួន២ប្រកួតនៅក្នុងខែតុលាខាងមុខនេះ។
ការហ្វឹកហាត់ដើម្បីត្រៀមប្រកួតមិត្តភាពចំនួន២ប្រកួត គឺជម្រើសជាតិឡាវ នឹងត្រូវប្រកួតជាមួយ ក្រុមជម្រើសកោះម៉ាកាវ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ធ្វើឡើងនៅប្រទេសឡាវ មុននឹងបន្តឡើងទៅប្រកួតជាមួយ ជម្រើសកោះហុងកុង នៅថ្ងៃទី០៥ ខែតុលា នាកោះហុងកុង៕
រូបភាព: ສະຫະພັນບານເຕະແຫ່ງຊາດລາວ Lao Football Federation